Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ស្នើដល់ភាគីកម្ពុជា ជួយបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរ តម្លើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានប្រសាសន៍ ទទួលយកសំណើ ក៏ដូចជាការលើកឡើងរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានគោលបំណង ស្នើដល់ភាគីកម្ពុជា ជួយពិនិត្យលទ្ធភាព រៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួន មិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរ ដើម្បីរៀបចំឱ្យមានការតម្លើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត។

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទទួលស្វាគមន៍ និងជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលមានគោលបំណងពិភាក្សា អំពីការពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក និងរបបគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោករវាង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ ស្វាគមន៍ ចំពោះការអញ្ជើញរបស់ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ មកសម្តែងការគួរសម និងជួបប្រជុំជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួននាពេលនេះ។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាន៍ជម្រាបជូនឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថា ស្ថានភាពនៃប្រទេសកម្ពុជាបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែបើកដំណើរការប្រទេសឡើងវិញ ស្ទើរទាំងស្រុង បន្ទាបពីកម្ពុជាមានស្ថានភាពធូរស្រាល ដែលបានទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានជោគជ័យ។

ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា បន្ទាប់ពីការបើកប្រទេសឱ្យដំណើរការឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវិញផងដែរ។

នាឱកាសនោះ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការអបអរសាទរ ដល់កម្ពុជា ដែលបានយកឈ្នះលើជំងឺកូវីដ-១៩យ៉ាងធំធេង ខណៈវៀតណាម កំពុងតែមានការប្រឈមកាន់តែខ្លាំងឡើងដដែល។

ឯកឧត្តម បានជម្រាបជូនថា ក្នុងកិច្ចជំនួបពិភាក្សាការងារនេះ ឯកឧត្តម មានគោលបំណង ស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាព រៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួន មិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរ ដើម្បីរៀបចំឱ្យមានការតម្លើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំ កិច្ចការងារពាក់ព័ន្ធមួយចំនួន នៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យព្រំដែន នៃប្រទេសទាំងពីរមានស្ថេរភាពជានិរន្ត៍។

ជាការឆ្លើយតប ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានប្រសាសន៍ថា ឯកឧត្តម ទទួលយកសំណើ ក៏ដូចជាការលើកឡើងរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនិងពិនិត្យមើល និងប្រជុំពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចបន្ត។ ដោយឡែកកិច្ចព្រមព្រៀង ឬក៏លក្ខណៈដទៃដែលមានជាមួយគ្នាកន្លងមក ឯកឧត្តម និងពិនិត្យមើលឡើងវិញដើម្បីរៀបចំការងារបើកច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការរស់នៅ និងទំនាក់ទំនងដោះដូរទំនិញរបស់ប្រទេស ពលរដ្ឋទាំងពីរមានភាពល្អប្រសើរឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×