Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងតាប៊ុយ កាន់តែរីកធំហើយ ! ម្ចាស់រថយន្តព្រុស ប្ដឹងតាប៊ុយ ៣បទល្មើស ទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ម្ចាស់រថយន្តព្រុស បានដាក់ពាក្យបណ្តឹង ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹង លោក ឃី ហុង ហៅតាប៊ុយ ចំនួន ៣បទល្មើស ហើយទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារអាមេរិក យកទៅឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា ក្រោយពី តាប៊ុយ មិនព្រមចេញថ្លៃជួសជុលសំណងត្រឹមជាង ២ពាន់ដុល្លារ។

បើតាមពាក្យបណ្តឹងរបស់ លោកមេធាវី ហ៊ុយ មាំង តំណាងឱ្យជនរងគ្រោះ បានដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ មានខ្លឹមសារថា ជនរងគ្រោះបានសម្រេចប្តឹង លោក ឃី ហុង ហៅតាប៊ុយ ចំនួន ៣បទល្មើសរួមមាន ៖ ១- បើកបរបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ, ២- បើកបរក្នុងស្ថានភាពស្រវឹង , និង ៣- បទបរិហារកេរ្តិ៍។

គួររំលឹកថា រឿងរ៉ាវកាន់តែរីកធំនាំឲ្យមានការប្ដឹងផ្ដល់គ្នាមួយឈុតនេះ គឺផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងកាលពីម៉ោងប្រមាណ ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយលោក ឃី ហុង ហៅតាប៊ុយ បានបើកបររថយន្តម៉ាក Range Rover ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BK-8809 ក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តម៉ាកព្រុស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-7048 ពីក្រោយពេញទំហឹង លើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីជជែកគ្នាប្រកាន់យកត្រូវរៀងៗខ្លួនរួចមក ភាគីទាំងពីរបានសម្រុះសម្រួលគ្នា ដោយខាង តាប៊ុយ ដែលមានអាការៈស្រវឹងជោកជាំនោះ សន្យាចេញថ្លៃជួសជុលរថយន្តជូនភាគីរងគ្រោះ។ តែនៅថ្ងៃបន្ទាប់នៅពេលភាគីរងគ្រោះបង្ហាញថ្លៃជួសជុលរថយន្តអស់ ២,២៥០ដុល្លារ បែរជាតាប៊ុយ មិនព្រមទទួលខុសត្រូវ ដោយចោទថា ថ្លៃហួសហេតុ ហើយផ្សាយតាមហ្វេសប៊ុកចោទភាគីរថយន្តព្រុសថា កេងចំណេញលើខ្លួន រហូតធ្វើឲ្យមានការប្រែប្រួលពីការសម្រុះសម្រួល ទៅជាការប្ដឹងផ្ដល់តាមផ្លូវច្បាប់។

ងាកមកមើលខ្លឹមសារក្នុងពាក្យបណ្ដឹងវិញបានបង្ហាញថា រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍នេះ ដំបូងឡើយ គេឃើញ តាប៊ុយ បានបើកដេញពីក្រោយដោយស៊ីផ្លេ និងបើកភ្លើងហ្វាកូតចុះឡើងៗ និងបើកមកកៀកនឹងរថយន្តជនរងគ្រោះ ហើយធ្វើសកម្មភាពបើកកញ្ចក់ ស្រែកជេរ និងគំរាមសម្លាប់ជាច្រើនសារនៅតាមផ្លូវ ដោយមិនដឹងមូលហេតុ។

ឃើញសភាពបែបនេះ ជនរងគ្រោះ បានព្យាយាមបើករថយន្តគេចចេញពីជនល្មើស ប៉ុន្តែមិនអាចគេចពីសកម្មភាពនោះបានឡើយ រហូតដល់កន្លែងកើតហេតុ ដោយជនរងគ្រោះបានសម្រេចចិត្តឈប់រថយន្ត និងរត់ចេញពីរថយន្តខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ស្រាប់តែជនល្មើសបានបើកឡានបុករថយន្តជនរងគ្រោះពីក្រោយទាំងកំរោល។ ក្រោយបុករួចជនល្មើសនោះបានបើកកញ្ចក់ និងបានស្រែកជេរប្រមាថ ព្រមទាំងគំរាមសម្លាប់មកលើជនរងគ្រោះម្តងទៀត។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ទៀតថា ក្រោយធ្វើសកម្មភាពរួច ជនល្មើសបានបើកឡានរត់គេចចេញពីកន្លែងកើតហេតុ នៅពេលនោះ ជនរងគ្រោះ បានបើករថយន្តដេញតាមពីក្រោយរហូតស្ទាក់ឃាត់ឡានជនល្មើសជាប់ នៅលើមហាវិថីសហព័ន្ធរុស្ស៉ី ក្បែររបងរាជាយស្ម័យយាន្ត (ស្ថានីយរថភ្លើង)។ នៅពេលនោះ ជនល្មើសបានចុះពីលើឡាន ដោយមានសភាពស្រវឹងជោកជាំ ទន់ដៃទន់ជើង និយាយមិនដឹងខុសមិនដឹងត្រូវ, ក៏មានការជជែកគ្នា រហូតកើតមានរឿងរ៉ាវតាមលំដាប់លំដោយដូចខាងលើ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាខ្លឹមសាររៀបរាប់ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះប៉ុណ្ណោះ ចំណែកឯស្ថានភាពពិតប្រាកដយ៉ាងណា អាស្រ័យលើការស្រាវជ្រាវរបស់សមត្ថកិច្ច និងរង់ចាំ លោក ឃី ហុងហៅតាប៊ុយ បកស្រាយ ដើម្បីឱ្យមានសមតុល្យនៃហេតុការណ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×