Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រកឃើញលោកឧត្តមនាវីទោ លី ហួត និងបក្ខពួករំលោភយកដីប្រជាពលរដ្ឋ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការរង នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលំហរសមុទ្រ និងបក្ខពួក បានក្លែងឯកសារលិខិតរំលោភយកដីប្រជាពលរដ្ឋភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាង ៤០ហិកតា។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលសារព័ត៌មាន CEN ទទួលបានបានបង្ហាញថា បន្ទាប់ពីមានការបំភ្លឺពីភាគីពាក់ព័ន្ និងអាជ្ញាធរមូលដ្ឋានរួចមក ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រកឃើញថា ឯកសារដែលស្នើសុំកាន់កាប់ និប្រើប្រាស់ដីធ្លីរបស់ឈ្មោះ លី ហូត និងឈ្មោះ ណាប់ សឿន គឺជាលិខិតក្លែង តាមការអះអាងរបស់ឈ្មោះ ណូយ បាន អតីតមេឃុំកែវផុស និងឈ្មោះ កង ឆន ជាអតីតមេភូមិឫទ្ធី២ ។ ឈ្មោះ លឹម ងួន ពិតជាម្ចាស់ដី មានលិខិតស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី ហើយមានការដឹងឮ និងទទួលស្គាល់ពីអាជ្ញាធឬភូមិ ឃុំ ពិតប្រាកដមែន។

របាយការណ៍បន្តថា លោក ឥន្ទ កាន់ធឿន ជាអនុភូមិឫទ្ធី២ បានបញ្ជាក់ថា ឈ្មោះ លឹម ងួន បានប្រមូលទិញដីពីប្រជាពលរដ្ឋប្រមាណ ៤២ហិកតា ចាប់ពីឆ្នាំ២០០៥ និងបានកាន់កាប់អាស្រ័យផលក្នុងផ្ទៃដីដែលមានរហូតបចច្ចុប្បន្នពិតប្រាកដមែន។
លោក ហេង សំណាង មេភូមិឫទ្ធិ២ បានអះអាងចំពោះមុខប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ពេលដែលឈ្មោះ លី ហួត ជួលអេស្ការវ៉ាទ័ររបស់លោកឲ្យទៅឈូសឆាយដី លោកឃើញឈ្មោះ លី ហួត នៅក្នុងប្លង់នោះ។ លោកបានជីកស្រះនៅលើដីនោះមែន តែមិនបានឈូសឆាយអ្វីផ្សេងទេ។ ឯចំណែកឯកសារពាក់ព័ន្ធការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ឈ្មោះ លី ហួត នោះ លោកមិនបានដឹងថា ឯកសារនោះជារបស់អ្នណាទេ គឺដឹងត្រឹមតែថា ឈ្មោះ លី ហួត បានជួលឲ្យលោកឈូសឆាយដីតែប៉ុណ្ណោះ។ ចំណែកឯឈ្មោះ លឹម ងួន និងឈ្មោះ លី ហួត មានជម្លោះនឹងគ្នានោះ លោកមិនបានដឹងដែរ ហើយលោកមិនជាប់ពាក់ព័ន្ធក្នុងរឿងដីនេះទេ។

លោក កង ឆន អតីតមេភូមិកែវផុស បានបំភ្លឺចំពោះមុខប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ឯកសាររបស់ឈ្មោះ លី ហួត ពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិដីធ្លីទាំង ១១ច្បាប់ គឺសុទ្ធតែជាឯកសារក្លែងក្លាយទាំងអស់ មិនមែនជាហត្ថលេខារបស់លោកទេ។ ចំណុចដែលលោកចំណាំថា ក្លែងនោះគឺលើទម្រង់លិខិតខុសពីទម្រង់លិខិតដើមរបស់សាលាឃុំកាលពីជំនាន់នោះ។ ចំពោះកាលបរិច្ឆេទដែលលោកបានបំពេញ គឺសុទ្ធតែជាលេខខ្មែរ មិនមែនជាលេខបារាំងទេ ហើយលិខិតក្លែងនេះ បែរជាប្រើលេខបារាំងទៅវិញ។ ចំពោះហត្ថលេខាដែលចុះលើលិខិតនេះ ក៏មិនមែនជាហត្ថលេខារបស់លោកដែរ។

លោកបញ្ជាក់ថា រាល់កំណត់ហេតុដែលលោកបានឆ្លើយបំភ្លឺខាងលើ ជាចម្លើយពិតប្រាកដទាំងអស់ បើខុសពីការពិតលោកសូមទទួលខុសត្រូវចំពោះមុខច្បាប់។

ការបំភ្លឺរបស់លោក ណូច បាន អតីតមេឃុំកវផុស បានបំភ្លឺចំពោះមុខប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា លិខិត ឬពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០០ ដែលមានឈ្មោះ ណាប់ សឿន និងមានហត្ថលេខាលោក គឺជាឯកសារក្លែង ព្រោះមិនមានស្នាមមេដៃឈ្មោះ ណាប់ សឿន។ ហើយលិខិតនោះ វាមិនមែនជាទម្រង់លិខិតរបស់លោក ចំពោះពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ឈ្មោះ ហ៊ឹម វណ្ណៈ និងឈ្មោះ ឡាក់ ឡាត ក៏លោកមិនទទួលស្គាល់ដែរ ព្រោះលិខិតទាំងអស់នេះ សុទ្ធតែជាលិខិតក្លែង ហើយការចុះហត្ថលេខារបស់លោក គឺលោកប្រើជាលេខខ្មែរ មិនមែនប្រើជាលេខបារាំងទេ។ ចំណែកឯឯកសាររបស់ឈ្មោះ លី ហួត ពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិទាំង ១១ច្បាប់ គឺសុទ្ធតែជាឯកសារក្លែងក្លាយទាំងអស់ មិនមែនជាឯកសាររបស់ខ្ញុំទេ។ ចំណុចដែលលោកចំណាំថា ក្លែងនោះគឺលើទម្រង់លិខិត គឺខុសពីទម្រង់លិខិតដែលលោកបានប្រើជំនាន់នោះ។ លេខដែលលោកសរសេរលើហត្ថលេខាជាលេខខ្មែរ តែលិខិតទាំងនោះ បែរជាសរសេរជាលេខបារាំងទៅវិញ លោកសូមបញ្ជាក់ថា រាល់ចម្លើយខាងលើ គឺជាចម្លើយពិតប្រាកដទាំងអស់ បើខុសពីការពិត ខ្ញុំបាទនឹង ទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ផេង ម៉ឺន ជាមេឃុំកែវផុសបានបញ្ជាក់ថា “ខ្ញុំបានឃើញកំណត់ហេតុអតីតមេឃុំដែលបានបញ្ជាក់រាល់ឯកសារទាំងអស់ និងការបំភ្លឺរបស់ប្រជាពលរដ្ឋ គឺបានធ្វើនៅចំពោះមុខខ្ញុំបាទ និងធ្វើនៅក្នុងសាលាឃុំកែវផុស នៅចំពោះមុខប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា”។

លោក លីម ងួន ដែលជាជនរងគ្រោះហើយបានប្ដឹងសុំអន្តរាគមន៍ទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបរាប់ថា លោកបានប្រមូលទិញដីពីប្រជាពលរដ្ឋដែលស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការដឹងឮនិងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរ បានចុះហត្ថលេខាលើលិខិតត្រឹមត្រូវតាមផ្លូវច្បាប់ ។

លោក លីម ងួន មានលិខិតស្នើសុំកាន់កាប់និងប្រើប្រាស់ដីធ្លី មិនដែលមានបញ្ហាអ្វីឡើយ ស្រាប់តែឆ្នាំ២០២០ លោក លី ហួត និង បក្ខពួក បានមកឈូសឆាយទន្ទ្រានយកដីនិងបោះបង្គោលរបងព័ទ្ធយកដីរបស់លោក លីម ងួន តែម្តង ។

លោក លីម ងួន រៀបរាប់ទៀតថា ពេលនោះលោកបានទៅដកបង្គោលរបងហើយប្រគល់បង្គោលរបងនោះឲ្យទៅប៉ុស្តិ៍នគរបាលកែវផុស ។ ប៉ុន្តែក្រោយមក លោក លី ហួត និង បក្ខពួក ក៏បាននាំប៉េអឹម២នាក់ មកគំរាមកំហែងឈូសឆាយនិងទន្ទ្រានយកដីរបស់លោកលីម ងួន បន្តទៀត ។

លោក លី ហួត និង បក្ខពួក បែរជាបានប្ដឹងលោក លីម ងួន ទៅតុលាការខេត្តព្រះសីហនុ ពីបទកំហែងយក គំរាមកំហែងធ្វើឲ្យខូចខាតដោយចេតនា លួចលក់អចលនវត្ថុអ្នកដទៃនិងសមគំនិតក្លែងបន្លំឯកសារដើម្បីលក់អចលនវត្ថុអ្នកដទៃ ទៅវិញ ។ បញ្ហានេះ លោក លីម ងួន បានបានស្នើសុំឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជួយរកយុត្តិធម៌ ដល់រូបលោកផង ។

បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់លោក លីម ងួន រួចមក ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះស្រាវជ្រាវដោយផ្ទាល់ រហូតចេញរបាយការណ៍មួយ ដែលបានធ្វើសេចក្ដីសន្និដ្ឋានថា «លោក លីម ងួន ពិតជាម្ចាស់ដីមានលិខិតស្នើសុំកាន់កាប់និងប្រើប្រាស់ដីធ្លី ហើយមានការដឹងឮនិងទទួលស្គាល់ពីអាជ្ញាធរភូមិឃុំពិតប្រាកដមែន» ។

ករណីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើលិខិតអន្តរាគមន៍ទៅសាលាដំបូងខេត្តព្រះសីហនុ សុំឱ្យពិចារណាលើសំណុំរឿងនេះដើម្បីផ្តល់យុត្តិធម៌ជូនគូភាគី។

ចំណែកលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការរង នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលំហរសមុទ្រមិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×