Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់ការិយាល័យនិពន្ធ ៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៃប្រធានាធិបតីវៀតណាមរួមវិភាគទានដល់ការបង្កើនទំនាក់ទំនងរវាងកម្ពុជា-វៀតណាម

កំណត់ការិយាល័យនិពន្ធ៖

ឯកឧត្តមង្វៀន ស៊ន់ហ៊្វុក ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ ព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូឆ្នាំ២០២១នេះ។ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ នឹងជួយរួមចំណែកបន្ថែមទៀតដល់ការបង្កើននូវចំណងទាក់ទង មិត្តភាពជាប្រពៃណីរវាងប្រទេសជិតខាងយើងទាំងពីរ។
បន្ទាប់ពីការបង្កើតចំណងទាក់ទងការទូតអស់រយៈពេល ជាងពាក់កណ្តាលសតវត្សរ៍មកនេះ (១៩៦៧-២០២១) ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានឆ្លងកាត់នូវការសាកល្បងលត់ដំពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងរាល់ដំណើរនៃទស្សនកិច្ច ការជួបជុំ ការប្រាស្រ័យទាក់ទងទាំងឡាយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពូនជ្រុំទំនាក់ទំនងសាមគ្គីភាព មិត្តភាពលើមូលដ្ឋាននៃប្រវត្តិសាស្ត្រប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងដំណើរការអភិវឌ្ឍន៍ជាតិ ហើយបានក្លាយទៅជាមរតករួមថ្លៃថ្លារបស់ប្រជាជាតិទាំងពីរ រួមចំណែកដល់ការបង្កបរិយាកាសឲ្យមាននូវសន្តិភាព ស្ថេរភាព ព្រមទាំងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។

ទំនាក់ទំនងនយោបាយត្រូវបានបន្តថែរក្សាដោយរក្សាបាននូវតួនាទី ជាស្នូលកំណត់ជាទិសដៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កាលពីខែមេសា ឆ្នាំ២០១៧ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ង្វៀន ស៊ន់ហ៊្វុក ដែលកាលនោះលោកជានាយករដ្ឋមន្ត្រីវៀតណាម (សព្វថ្ងៃជាប្រធានាធិបតីវៀតណាម) ប្រទេសទាំងពីរបានមូលមតិនឹងគ្នាថា “បន្តអនុវត្តឲ្យបានពេញលេញនូវគោលការណ៍នានា នៅក្នុងសេចក្តីប្រកាសរួមវៀតណាម-កម្ពុជាក្នុងបណ្តាឆ្នាំ ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ខែមិថុនា ២០១៦ និងខែធ្នូ ២០១៦” បានគូសបញ្ជាក់ឡើងវិញនូវការគោរព និងអនុវត្តឲ្យបានពេញលេញនូវអនុសញ្ញាស្តីពីការព្រមព្រៀង ការកំណត់បោះបង្គោលព្រំដែន និងសន្ធិសញ្ញាព្រមព្រៀងស្តីពីកិច្ចការព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ជាពិសេសកាលពីឆ្នាំ២០១៧ក្នុងឱកាស “ខួប៤០ឆ្នាំនៃដំណើរឆ្ពោះទៅសង្គ្រោះជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” ដែលកាលនោះសម្តេចបានអញ្ជើញទៅកាន់ប្រទេសវៀតណាម សម្តែងអំណរគុណដែលវៀតណាមបានធ្វើពលីកម្មចំពោះកម្ពុជា ហើយសម្តែងបំណងប្រាថ្នាចង់ឃើញទំនាក់ទំនង សាមគ្គីភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជារីកស្រស់បំព្រងស្ថិតស្ថេររឹងមាំជានិរន្តរ៍។

ឯកឧត្តមង្វៀន ស៊ន់ហ៊្វុក បានមានប្រសាសន៍គូសបញ្ជាក់ថា “ជោគវាសនាប្រជាជាតិទាំងពីរ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ នោះគឺជាសច្ចធម៌ដែលចេញមកពីការពិត នៃប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ”។ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមង្វៀន ហ៊្វូជុក អគ្គលេខាបក្ខកុំម្មុយនិស្តវៀតណាមកាលពីឆ្នាំ២០១៧ និង២០១៩កន្លងទៅ ភាគីទាំងពីរកម្ពុជា-វៀតណាមបានចេញនូវសេចក្តីប្រកាសរួម ក្នុងនោះបានគូសបញ្ជាក់ពីការបន្តពង្រឹង និងបង្កើននូវរាល់ចំណងទាក់ទងដ៏ល្អប្រពៃរវាងអ្នកជិតខាងល្អ ជាមិត្តភាពប្រពៃណីសហការលើគ្រប់វិស័យ រឹងមាំយូរអង្វែងរវាងវៀតណាម-កម្ពុជា។
នៅក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ក្នុងទិដ្ឋភាពនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងស្ថានភាពប្រែប្រួលដ៏ស្មុគស្មាញ ភាគីទាំងពីរពុំអាចអនុវត្តបាននូវដំណើរទស្សនកិច្ច ទៅវិញទៅមកក្នុងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ ប៉ុន្តែនៅតែបន្តទាក់ទងគ្នាដោយរក្សាបាននូវទំនាក់ទំនង នយោបាយស្របតាមស្ថានភាពជាក់ស្តែង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅ តែបន្តផ្ញើសារសួរសុខទុក្ខគ្នា សួរនាំរឿងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ស្ថាប័ននានានៃប្រទេសទាំងពីរបានផ្ញើសារលិខិតសួរសុខទុក្ខ សួរពីស្ថានភាពនៃជំងឺកូវីដ-១៩នៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរបានផ្តល់ការដគាំទ្រឲ្យគ្នាទៅវិញទៅមក ដូចជាជួយផ្តល់ឧបករណ៍វេជ្ជសាស្ត្រ សម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ហើយបច្ចុប្បន្ននេះភាគីទាំងពីរកំពុងតែសកម្មសហការគ្នា បង្កើតឡើងនូវសកម្មភាពជាក់ស្តែងនានា ដើម្បីអបអរសាទរខួបលើកទី៥៥ ថ្ងៃបង្កើតចំណងទាក់ទងការទូតផ្លូវការ (២៤/០៦/១៩៦៧- ២៤/០៦/២០២២) ដើម្បីរួមចំណែកបង្កើននូវការផ្សព្វផ្សាយ ដល់ប្រជាជនជាពិសេសដល់ជំនាន់យុវវ័យនៃប្រទេសទាំងពីរឲ្យរួបរួមគ្នា គោរព និងថែរក្សាចំណងទាក់ទងដ៏ល្អប្រពៃរវាងប្រជាជាតិទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-វប្បធម៌ អប់រំ-វិទ្យាសាស្ត្រ-បច្ចេកទេស


លើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយ ដ៏ល្អប្រពៃ វិស័យសហប្រតិបត្តិការទ្វេភាគីនានារវាងកម្ពុជា-វៀតណាម នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានបន្តជម្រុញឲ្យទទួលបាននូវការរីកចម្រើនដ៏ខ្លាំងក្លា។ រហូតមកដល់នឹងសព្វថ្ងៃនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានស្តែងឡើងតាមរយៈយន្តការសហការតាម រូបភាពផ្សេងៗដូចជាពិពរណ៍ពាណិជ្ជកម្មរៀតណាម-កម្ពុជា ការផ្លាស់ប្តូរជំនួបប្រាស្រ័យទាក់ទង រវាងមន្ត្រីនៃប្រទេសទាំងពីរ វិស័យ និងកិច្ចការសង្គមនានានៅថ្នាក់មូលដ្ឋាន ជាពិសេសគឺទៅតាមយន្តការ សហប្រតិ្តកាដូចជាកម្មវិធីប្រសហតិ្តការអនុតំបន់មេគង្គ បើកទូលាយ(GMS)គណកម្មាធិការមេគង្គអន្តជាតិ(MRC) យុទ្ធសាស្រ្តសហប្រតិ្តការសេដ្ឋកិច្ច(ACMECS), កិច្ចសហប្រតិ្តការតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម គឺជាយន្តការសហប្រតិ្តការដ៏សំខាន់ ដើម្បីបន្តថែរក្សាស្ថេរភាពសន្តិសុខនយោបាយ សុវត្ថិភាពសង្គម នៅតាមព្រំដែននៃប្រទេសទាំងពីរ។ យោងតាមយន្តការសហប្រតិ្តការទាំងនេះ បានញ៉ាំង ឲ្យកិច្ចសហប្រតិ្តការួទ្វេភាគីរវាងកម្ពុជានិងវៀតណាមត្រូវបានអនុវត្តបានយ៉ាងល្អ និងទទួលបាននូវលទ្ធផលជាដុំកំភួនជាច្រើន។ ភាគីទាំងពីរបានម្ចាស់ការសម្មអនុវត្ត នូវកិច្ចព្រមព្រៀងនានារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងកិច្ចព្រមុំព្រៀងនៃគណៈកម្មធិការចម្រុះស្តីពីសេដ្ឋកិច្ច-វប្បធម៌-វិទ្យាសាស្រ្ត-បច្ចេកទេស បង្កើននូវកិច្ចការចង្អុលបង្ហាញទិសដៅ ត្រួតពិនិត្យកែសម្រួល ផ្លាស់ប្តូរទាន់ពេលវេលា នូវការដោះស្រាយការលំបាកនានាដែលស្ថិត នៅជាឧបសគ្គដើម្បីជាគុណប្រយោជន៍ដល់ការជម្រុញកិច្ចសហប្រត្តិការ។

ចំពោះកិច្ចការវិនិយោគសព្វថ្ងៃនេះវៀតណាម បានវិនិយោគនៅលើគម្រោងចំនួន១៩០នៅប្រទេសកម្ពុជា ដែលគម្រោងទាំងនេះនៅតែបន្តមានដំណើរការនៅឡើយ គម្រោងវិនិយោគទាំងនោះមានតម្លៃ ជាទឹកប្រាក់ប្រមាណ ២.៧៦ពាន់លានដុល្លាអាមេរិក ជាប់ចំណាត់ថ្នាក់ទី៣ក្នុងចំណោមប្រទេស និងដែនដីចំនួន៧៧ដែលបានទទួលគម្រោងវិនិយោគពីប្រទេសវៀតណាម ហើយក្នុងនោះ គម្រោងវិនិយោគប្រមូលផ្តុំសំខាន់នៅលើវិស័យកសិកម្ម ដែលស្មើនឹង៧០ភាគរយនៃគម្រោងវិនិយោគសរុបរបស់វៀតណាម ក្រៅពីនេះមានគម្រោងវិនិយោគនៅលើវិស័យផ្សេងៗដូចជា ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ទូរគមនាគមន៍ រីឯគម្រោងវិនិយោគដទៃទៀតមាននៅក្នុងវិស័យ អាកាសចរណ៍ រ៉ែ ឧស្សាហកម្មកែច្នៃ ដឹកជញ្ជូន ឃ្លាំងស្តុកទំនិញ សុខាភិបាល សំណង់ ទេសចរណ៍ និងសណ្ឋាគារជាដើម។ ភាគីទាំងទាំងពីរធ្លាប់បានរៀបចំបង្កើតឡើង នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា វេទិកាអាជីវកម្មវៀតណាម-កម្ពុជា សន្និសីទជម្រុញវិនិយោគវៀតណាម-កម្ពុជាសំដៅជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាព។

ចំពោះពាណិជ្ជកម្មវិញ វៀតណាម និងកម្ពុជាដែលសុទ្ធតែជាសមាជិកអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក ដែលជាចំណុចរុញច្រានដ៏ធំមួយដល់ការអភិវឌ្ឍន៍ លើគ្រប់វិស័យពិសេសគឺសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានយកចិត្តទុកដាក់ដោះស្រាយ នូវរាល់ការលំបាក ឧបសគ្គ បន្តអនុវត្តគោលនយោបាយអាទិភាព ពន្ធសម្រាប់ទំនិញដែលនាំចេញនាំចូលនៃប្រទេសទាំងពីរ ចាត់ទុកពាណិជ្ជកម្មតាមបណ្តោយព្រំដែនដ៏មានសារៈសំខាន់ គាំទ្រជួយដល់បណ្តាមូលដ្ឋានតាមបណ្តោយព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មឆ្លងដែនឲ្យបានខ្លាំងក្លា។ កិច្ចព្រមព្រៀងជម្រុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-កម្ពុជា ក្នុងឆ្នាំ២០១៩-២០២០ ដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានព្រមព្រៀងនឹងគ្នាថា ពន្ធនាំចេញនាំចូលទៅវិញទៅមករវាងប្រទេសទាំងពីរ ត្រូវកំណត់ត្រឹម០% ចំពោះទំនិញដែលមានប្រភពដើមផលិតផលនៅក្នុងប្រទេសទាំងពីរ។

សកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាត្រូវបានជំរុញយ៉ាងសកម្មតាមរយៈសកម្មភាពនៃវេទិកាអាជីវកម្ម ពិពរណ៍អាកាសចរណ៍វៀតណាមនៅកម្ពុជា បើកច្រកសេដ្ឋកិច្ចតាមព្រំដែន កសាងលិខិតបទដ្ឋាន ច្បាប់នានា និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យ វិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យបានកាន់តែល្អប្រសើរ និងបរិមាណពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែត្រូវបានបង្កើនឡើងថែមទៀត។ រហូតមកទល់នឹងពេលថ្មីៗនេះ បរិមាណផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែរក្សាបាននូវលំនឹងនៃកំណើន ដ៏សំខាន់ដោយសម្រេចបានបរិមាណទឺកប្រាក់ប្រមាណ ៥.៣ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០កន្លងមក និង ៦ពាន់លានដុល្លាអាមេរិក នារយៈពេល៦ខែដើមឆ្នាំ២០២១នេះ ។


ក្តីរំពឹងនៃទំនាក់ទំនងវៀតណាម-កម្ពុជា

អាស្រ័យដោយប្រទេសនីមួយៗបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិខ្លួន តាមស្ថានភាពជាក់ស្តែងនៃប្រទេសរៀងៗខ្លួន ហើយទន្ទឹមនឹងសន្តិសុខ និងកិច្ចអភិវឌ្ឍន៍ប្រទេសទាំងពីរ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានអាស្រ័យហេតុនេះ ទើបបានជាការរក្សា ពង្រឺង និងបង្កើតនូវចំណងទាក់ទងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហការលើគ្រប់វិស័យរឹងមាំយូរអង្វែង រវាងវៀតណាមនិងកម្ពុជាគឺជាកត្តាសំខាន់ ប្រទេសទាំងពីរ នឹងនៅតែបន្តផ្លាស់ប្តូដំណើរទស្សនកិច្ច ការជួបជុំប្រាស្រ័យទាក់ទងគ្នា ធ្វើសម្មភាពទាំងរូបភាព និងត្រូវផ្លាស់ប្តូរព័ត៌មានរវាងគ្នានិងគ្នា ឲ្យបានជាប់ជាប្រចាំ ចែករំលែកការយល់ដឹងជំនឿទុកចិត្តគ្នា ទៅវិញទៅមកនិងត្រូវម្ចាស់ការដោះស្រាយ បញ្ហានានាដែលកើតមានឡើង ផ្សព្វផ្សាយអប់រំយុវជនជំនាន់ក្រោយឲ្យចេះគោរព និងរក្សានូវមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ លើច្រើនវិស័យរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពអង្គការមហាជន មធ្យោបាយនានានូវប្រព័ន្ធផ្សព្វផ្សាយ។

បង្កើនការផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេលវេលា ប្រឹក្សាសហការគ្នាឲ្យបានស្អិត
រមួត គាំទ្រគ្នាទៅវិញទៅមកនិងប្រកបដោយប្រសិទ្ធភាព ទៅតាមវេទិកាតំបន់និងវេទិការអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការនានា រួមមានអាស៊ានណែនាំទៅក្នុង នោះ ទៅអង្គការសហប្រជាជាតិ ទៅតាមយន្តការនៃកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ WTO-ASEM រួមចំណែកដល់ការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងតំបន់និងនៅលើពិភពលោក។ បង្កើនកិច្ចសហប្រតិបត្តិការណ៏ជាមួយប្រទេសឡាវ អនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណយុទ្ធសាស្រ្ត កម្ពុជា-ឡាវ-វៀតណាម ពង្រីកអោយបានសកម្មនូវផែនការសម្មភាពតភ្ជាប់ បណ្តាញសេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម
រហូតដល់ឆ្នាំ២០៣០។

ប្រទេសទាំងពីរបង្កើននូវសកម្មភាពផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងរវាងគ្នានិងគ្នា ក្នុងនាមជាមិត្តភាព លើវិស័យ វប្បធម៌ សិល្បៈ កីឡា ចែលរំលែកនូវបទពិសោធន៍ ស្តីពីឯកទេសជំនាញនៃមន្រីរបស់ប្រទេសទាំងពីរ មន្រ្តីតាមបណ្តាខេត្តនិងមូលដ្ឋាននានា ដោះស្រាយឲ្យបានទាន់ពេលវេលានូវបញ្ហាទាំងឡាយ ដែលកើតមានឡើងលើ ស្មារតីសាមគ្គី មិត្តភាពជាអ្នកជិតខាងល្អ។

ដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ង្វៀន ស៊ន់ហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឲ្យឃើញនូវភាបត្រឹមត្រូវ នៃគោលនយោបាយការបរទេស​ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនិងរាជរដ្ឋាភិបាលកម្ពុជា ក្រោមព្រះរាជអភិបាលគ្រងព្រះបរមសិរីរាជសម្បត្តិបល្ល័ង្គត្រចះផូរផង់ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលបានកសាងឡើងនូវទំនាក់ទំនងមិត្តភាព ជាមួយនឹងប្រទេសវៀតណាមក្បែរខាង ដោយនាំមកនូវវិបុលភាព កិច្ចអភិវឌ្ឍន៍សម្រាប់មាតុប្រទេស ដើម្បីជីវភាពរស់នៅដ៏សុខសាន្ត របស់ប្រជាជនទាំងពីរប្រទេស ដើម្បីសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើសកលលោក៕

×