ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី ២១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាសដីធ្លីអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទនៅតំបន់ កែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ឯកឧត្តម ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បានសរសេរលើផេកហ្វេសប៊ុកថា វេលាម៉ោង៨ព្រឹកថ្ងៃអង្គារ៍ទី២១ ខែធ្នូ ឆ្នាំ២០២១ រូបខ្ញុំបានមកចូលរួមក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ដើម្បីដោះស្រាយវិវាទដីធ្លីនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានវិវាទអស់រយៈពេលជាង២៥ឆ្នាំកន្លងមកហើយ។

ឯកឧត្តម ម៉ុង ឬទ្ធី បានបន្តថា ដល់តែចូលរួមស្តាប់បានដឹងថា អ្នកដែលមានវិវាទនឹងគ្នា មួយចំនួនធំមិនដែលបានស្គាល់មុខគ្នាទេ ទើបតែព្រឹកនេះបានឃើញមុខគ្នាច្បាស់ ដល់ពេលបែកគ្នាប្រហែលជាមិនចំណាំមុខបានទេមើលទៅ ឈ្លោះគ្នាតាំងតែពីខ្លួននៅក្មេង២៥ឆ្នាំ បានកន្លងផុតទៅ អ្នកខ្លះក៏បានលាចាកលោកនេះទៅហើយ រីឯចំណែកអ្នកនៅរស់រានមានជីវិតចាស់ ចាយលុយលែងចង់កើតទៅហើយ។ អុំស្រីម្នាក់បានលើកឡើងថាជម្លោះនេះ តាំងពីប្តីគាត់ មានអាយុមិនទាន់ដល់៦០ឆ្នាំផង ពេលនេះពេលនេះប្តីគាត់ មានអាយុ៨៤ឆ្នាំបានស្លា.ប់ កាលពីបីខែមុននេះទៅហើយ ចឹងខ្ញុំសុំប្រាក់ចំនួន១០.០០០ដុល្លារ យកទៅធ្វើបុណ្យឲ្យប្តីខ្ញុំបានហើយ ខ្ញុំក៏បានប្រគល់ជូនឲ្យគាត់នៅពេលនេះតែម្តងទៅ ។
ដោយមានការជួយសម្របសម្រួល ពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ភាគីទាំងសងខាង ជាងមួយរយគ្រួសារ បានយល់ព្រមទទួលយកសំណង ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃ ចាប់ពីពេលនេះតទៅ។ ជំនួសមុខឲ្យប្រជាពលរដ្ឋទាំងជាង១០០គ្រួសារ សូមថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានជួយរកដំណោះស្រាយវិវាទដីធ្លីនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



















