ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ បានចេញលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដោយឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការពេញចិត្តថា ថ្វីត្បិតតែមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ-១៩ កម្ពុជា និងវៀតណាមនៅតែរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើគ្រប់វិស័យ និងគ្រប់កម្រិត។ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថ្វីត្បិតតែមានការរីករាលដាលនៃជំងឺរាតត្បាត ភាគីទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្ត ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានឈានដល់ជិត ៦ពាន់លានដុល្លារនៅឆ្នាំ ២០២០ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ ៨ពាន់លានដុល្លារ នៅឆ្នាំ ២០២១ គឺកើនលើសពី ៥ពាន់លានដុល្លារ ដែលជាការរំពឹងទុករបស់ មេដឹកនាំនៃប្រទេសទាំងពីរ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈ កម្មការ ចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (19m JC) តាមប្រព័ន្ធវីដេអូ។
អំឡុងពេលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី រដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការពេញចិត្តថា ថ្វីត្បិតតែមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ-១៩ កម្ពុជា និងវៀតណាមនៅតែរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើគ្រប់វិស័យ និងគ្រប់កម្រិត។ ការបើកកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះ ក្នុងអំឡុងពេល ស្ថានភាពដ៏លំបាកនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរដើម្បីលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ។
ភាគីទាំងពីរក៏បានទស្សនៈរួមគ្នាថា ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម ខណៈដែលប្រទេសទាំងពីរនឹងរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានព្រមព្រៀងគ្នាប្រសិទ្ធនាម ឆ្នាំ២០២២ ថាជា «ឆ្នាំមិត្តភាពកម្ពុជា – វៀតណាម» ។
កិច្ចប្រជុំ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចពិភាក្សារបស់ កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២០។ ភាគីទាំងពីរ ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន សន្តិសុខ-នយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ វប្បធម៌-សង្គម ។

ការលើកឡើងនូវលទ្ធផលសំខាន់ៗ រួមមានដូនខាងក្រោម៖
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងធនធានមនុស្ស ភាគីទាំងពីរ បានឯកភាព ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ ២០២១-២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សមភាគី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីកម្ពុជា ទៅសិក្សានៅប្រទេសវៀតណាម និងបាន លើកទឹកចិត្តដល់ភាគីវៀតណាមឱ្យផ្តល់អាហារូបករណ៍បន្ថែមទៀតផ្នែក វិស្វករឧស្សាហកម្ម បច្ចេកវិទ្យា ទំនាក់ទំនងព័ត៌មាន វិស្វករម៉ាស៊ីន ការបង្កើតសូរ៉ែ វិស្វករអេឡិកត្រូនិក វេជ្ជសាស្ត្រ វិទ្យាសាស្ត ទិន្នន័យ គណិតសាស្ត្រ និងការសិក្សាបច្ចេកវិទ្យា ។
សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរបាន ឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម ស្ដីពីកិច្ចសហ ប្រតិបត្តិការក្នុងវិស័យរុក្ខាប្រមាញ់ សម្រាប់ឆ្នាំ២០១៧-២០២២ ព្រមទាំងបានឯកភាពក្នុងការពន្លឿន ការចុះហត្ថលេខាឱ្យបានឆាប់លើអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងវិស័យអនាម័យ និងភូតគាម អនាម័យ។
សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថ្វីត្បិតតែមានការរីករាលដាលនៃជំងឺរាតត្បាត ភាគីទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្ត ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានឈានដល់ជិត ៦ពាន់លានដុល្លារនៅឆ្នាំ ២០២០ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ ៨ពាន់លានដុល្លារ នៅឆ្នាំ ២០២១ គឺកើនលើសពី ៥ពាន់លានដុល្លារ ដែលជាការរំពឹងទុករបស់ មេដឹកនាំនៃប្រទេសទាំងពីរ ។ ដើម្បីរក្សានូវសន្ទុះកើនឡើងនេះ ភាគីទាំងពីរ បានលើកទឹកចិត្តឱ្យ ក្រសួងផែនការកម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបន្ថែម ទៀត ក្នុងការពន្លឿនការបញ្ចប់ផែនការ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមឆ្នាំ២០៣០ នៅចុងឆ្នាំ២០២២ ។ ភាគីកម្ពុជា ក៏បានស្នើសុំបញ្ចប់សមិទ្ធិលទ្ធភាពនៃការសាងសង់ផ្សារនៅព្រំដែន ក្នុងឆ្នាំ២០២២ ។ ភាគីទាំងពីរ បានឯកភាពសម្រួលការឆ្លងកាត់ទំនិញ ក្រោមបទបញ្ញតិនៃកិច្ចព្រម ព្រៀងទ្វេភាគី តំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរជាភាគីហត្ថលេខី រួមទាំង កិច្ចព្រមព្រៀងនៃភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០២២។
ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ ភាគីទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួង និងបណ្តាភ្នាក់ងារពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងជំរុញការវិនិយោគទ្វេភាគី ស្របតាមច្បាប់វិនិយោគ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃប្រទេសនីមួយៗ ហើយបានឯកភាពចាត់វិធានច ការសមស្របទាក់ទងនឹងការសម្រួលដល់ការវិនិយោគ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន
ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងវិស័យសេដ្ឋកិច្ច។ ដើម្បីជំរុញដល់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ភាគីកម្ពុជាបានស្នើបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម ក្នុងទឹកដី កម្ពុជា តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។

សម្រាប់វិស័យដឹកជញ្ជូន ភាគីទាំងពីរឯកភាពបន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ស្តីពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការក្នុងផ្នែក ដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៨-២០២៥ និងឯកសារច្បាប់ពាក់ព័ន្ធ ព្រមទាំងរិះរកឱកាសក្នុងការចុះ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកំណត់ប្រភេទ និងចំនួន នៃយានយន្តពាណិជ្ជកម្ម សម្រាប់ ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងប្រទេសទាំងពីរ។
សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញក្រសួង ទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ឱ្យធ្វើការយ៉ាងជិតស្និទ្ធលើ ការរៀបចំផែនការស្ដារទេសចរណ៍ឡើងវិញក្រោយជំងឺកូវីដ-១៩ និងរិះរកលទ្ធភាពដើម្បីបង្កើត កញ្ចប់ទេសចរណ៍រួមគ្នា សម្រាប់អ្នកកាន់លិខិតឆ្លងដែនវ៉ាក់សាំង។
នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់វិស័យសុខភាពសាធារណៈ កម្ពុជា និងវៀតណាម បានអះអាងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ ការគ្រប់គ្រង ជំងឺឆ្លង និងជំងឺមិនឆ្លង តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្តន៍។ ភាគីទាំងពីរ ក៏បានសម្តែងការពេញចិត្តផងដែរចំពោះការគាំទ្រគ្នាទៅវិញទៅមក ទាំងផ្នែកហិរញ្ញវត្ថុ និងសម្ភារៈ វេជ្ជសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
សម្រាប់វិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ភាគីទាំងពីរបានឯកភាពបង្កើតការ សម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឧក្រិដ្ឋ បទល្មើសគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច ការក្លែងបន្លំពាណិជ្ជកម្ម ការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការឆ្លងកាត់ដែនខុសច្បាប់ បទល្មើសបច្ចេកវិទ្យា ការកាប់ឈើខុសច្បាប់ និងការដឹកឈើខុសច្បាប់ បទល្មើសធនធានធម្មជាតិ ការនេសាទខុសច្បាប់ ការជួញដូរសត្វព្រៃខុសច្បាប់ ការរត់ពន្ធឱសថ និងសារធាតុគីមីខុសច្បាប់ ការជួញដូរ និងការរត់ពន្ធអាវុធ និងគ្រាប់រំសេវ រួមទាំង ឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ ។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងទូលំទូលាយផងដែរលើកិច្ចសហប្រតិបត្តិការនៅក្នុង វិស័យផ្សេងៗទៀត ដូចជា បរិស្ថាន ធនធានទឹកនិងវារីអគ្គិសនី រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ គយ ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ការដឹកជញ្ជូន ប្រៃសណី ទូរគមនាគមន៍ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទំនាក់ទំនង ការបោះពុម្ពផ្សាយ សារព័ត៌មាន និងការ ផ្សព្វផ្សាយតាមទូរទស្សន៍និងវិទ្យុ ហិរញ្ញវត្ថុ និងធនាគារ វប្បធម៌ និងកីឡា ការងារនិងការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គមកិច្ចនិងការអភិវឌ្ឍន៍ បញ្ហាព្រំដែន បណ្ណាសារ កិច្ចការជាតិពន្ធនិងសាសនា ការពារជាតិ បញ្ហានានាពាក់ព័ន្ធច្បាប់និងតុលាការ អធិការកិច្ចនិងសវនកម្ម កិច្ចការកុងស៊ុល អាជ្ញាធរ មូលដ្ឋាន និង CLV-DTA។
ភាគីទាំងពីរក៏បានឯកភាពពន្លឿនការអនុវត្តសកម្មភាព និងគម្រោងនានាដែលនៅមិន ទាន់បានអនុវត្ត ខណៈពេលស្វែងរកមធ្យោបាយ និងវិធីសាស្ត្រនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការនានា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុង វេទិកាតំបន់ និងអន្តរជាតិនានា ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែង នូវអំណរគុណចំពោះការចូលរួមរបស់ ឯកឧត្តម ផាំ មិញ ជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំប្រកបដោយជោគជ័យតាមប្រព័ន្ធវីដេអូ ខណៈ ពេលដែលវៀតណាមបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ាន ACT៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា »។
ឯកឧត្តម ប៊ូយ ថាញ់សឺន បានទទួលយកការអញ្ជើញឯកឧត្តម ប្រាក់ សុខុន ដើម្បីមក បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២២ តាមពេលវេលាសមស្រប។
កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៩ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី បានប្រព្រឹត្តិទៅ ក្នុងបរិយាកាសស្និទ្ធស្នាលមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ដែល ឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ភាគីទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ នាបណ្តាឆ្នាំខាងមុខទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

