Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧៣% នៃសហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម MSME មានសកម្មភាពអាជីវកម្មតាមអនឡាញ ក្នុងអំឡុងវិបត្ដិកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងជំរុញក្រុមហ៊ុន អាជីវកម្ម ឱ្យមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រតិបត្តិការ និងពង្រីកទីផ្សាររបស់ខ្លួន។

ពិធីផ្សព្វផ្សាយរបាយការណ៍ក្រោមចំណងជើងថា «សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម និងការប្រើប្រាស់មុខងារឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩» របស់ក្រុមហ៊ុន Meta ត្រូវបានរៀបចំធ្វើឡើង នៅរាជ​ធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ឌីជីថលលូបនីយកម្ម គឺជាគន្លឹះដ៏សំខាន់ ដើម្បីជួយជំរុញអាជីវកម្ម និងពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា។ ។ ឌីជីថលលូបនីយកម្ម មានសារៈសំខាន់សម្រាប់អាជីវកម្មនៅកម្ពុជា ដែលជាគន្លឹះសំខាន់ក្នុងការគាំទ្រការអភិឌ្ឍសេដ្ឋកិច្ច ពន្លឿនកំណើនសេដ្ឋកិច្ច និងកសាងភាពធន់របស់ប្រទេសកម្ពុជា ក្រោយពេលការរាតត្បាតនៃជំងឺកូវីដ១៩។

ឯកឧត្តម បានមានប្រសាសន៍ថា ឌីជីថលលូបនីយកម្មសហគ្រាស ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភចម្បងចំនួន៣ ដែលដាក់ចេញនៅក្នុង «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥»។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច ដែលមានតួនាទីនាំមុខគេក្នុងការសម្របសម្រួលការងារនេះ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយដល់ក្រុមហ៊ុនអាជីវកម្មដើម្បីឱ្យពួកគេមានលទ្ធភាពសម្របខ្លួនទៅនឹងបច្ចេកវិទ្យាឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល​នេះ ដើម្បីលើកកម្ពស់ប្រតិបត្តិការ និងពង្រីកទីផ្សាររបស់ខ្លួន។

ក្រុមហ៊ុន Meta ចេញផ្សាយរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម MSME ជិតពាក់កណ្ដាលនៅកម្ពុជា ប្រើប្រាស់មុខងារឌីជីថល សម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុន មានសកម្មភាពអាជីវកម្មតាមអនឡាញរបស់កម្ពុជាភាគច្រើន មើលឃើញមុខងារទាំងនេះថា មានគុណតម្លៃដ៏សំខាន់ក្នុងដំណើរការអាជីវកម្ម របស់ពួកគេក្នុងអំឡុងវិបត្ដិកូវីដ-១៩។

ការសិក្សានេះ បានរកឃើញថា ជាងពាក់កណ្តាល (៧៣%) នៃសហគ្រាស MSME ដែលមានសកម្មភាពអាជីវកម្មអនឡាញដែលត្រូវបានអង្កេត បានរាយការណ៍ថា មុខងារឌីជីថលមានសារៈសំខាន់ ឬសារៈប្រយោជន៍ក្នុងការបន្ដដំណើរការអាជីវកម្មក្នុនងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ នេះ ដោយមានការកើនឡើងការសកម្មភាពប្រើប្រាស់ចេញពីគេហដ្ឋាន។ MSMEs ដែលមានសកម្មភាពអាជីវកម្មអនឡាញ ដែលត្រូវបានអង្កេតរាយការណ៍ថា កម្មវិធីផ្សេងៗរបស់ Facebook (៦៧ភាគរយ) និងជាពិសេសកម្មវិធី Facebook (៦៦ភាគរយ) បានជួយពួកគេឱ្យសម្របខ្លួនទៅនឹងបរិស្ថានជំងឺកូវីដ-១៩។ ដោយបច្ចុប្បន្នមនុស្សកាន់តែច្រើនលេងអ៊ីនធឺណិតជាងពេលមុន របៀបរស់នៅថ្មីរបស់អ្នកប្រើប្រាស់កំពុងលេចចេញឡើង ពោលគឺជាទម្លាប់ទិញថ្មី របៀបស្វែងរកថ្មី និងការរំពឹងទុកថ្មី។

របាយការណ៍នេះបានរកឃើញផងដែរថា សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យមនៅកម្ពុជា បានបង្កើនការប្រើប្រាស់មុខងារឌីជីថលប្រហែល ១០ភាគរយ ដើម្បីប្រតិបត្ដិការអាជីវកម្មរបស់ខ្លួនក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដោយ ៣៦ភាគរយនៃក្រុមហ៊ុនអាជីវកម្មដែលត្រូវបានស្ទង់មតិ បានរាយការណ៍ពីការប្រើប្រាស់មុខងារឌីជីថលសម្រាប់អាជីវកម្មមុនសម័យកូវីដ បើធៀបនឹង ៤៥ភាគរយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ៕

×