ភ្នំពេញ ៖ បន្ទាប់ពី សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ទាំងស្រុង នូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ គឺ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ បានចេញមកបង្ហាញថា នេះគឺជាសញ្ញាមួយ ដាស់អារម្មណ៍អ្នកពាក់ព័ន្ធ ជាពិសេស វិនិយោគគិន ម្ចាស់អាជីវកម្ម ឱ្យធ្វើអាជីកម្មប្រកបដោយទំនុកចិត្ត និងគឺជាការប្រកាសដំណឹងដល់ភ្ញៀវទេសចរបរទេសទាំងឡាយ បានដឹងថា កម្ពុជាមានការគ្រប់គ្រងបានល្អ ហើយពួកគេនឹងត្រូវធ្វើអ្វីៗតាមដែលបានគិតទុក និងបានត្រៀម។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់អ្នកកាសែតក្នុងស្រុក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ នឹងធ្វើឱ្យអ្នកប្រកបអាជីវកម្មផ្សេងៗកាន់តែមានលំនឹងចិត្តក្នុងការចេញធ្វើអាជីកម្ម និងជាការជំរុញឱ្យការធ្វើអាជីវកម្មមានសន្ទុះលឿន ជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានៅឆ្នាំក្រោយ។
ចំណែក លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការ២០ កុម្ភៈ បានធ្វើឱ្យប្រជាពលរដ្ឋ អ្នកប្រកបរបររកស៊ី សប្បាយចិត្តក្នុងការប្រកបអាជីវកម្ម ក៏ដូចជាការងាររបស់ខ្លួនឡើងវិញ, ហើយទាំងនេះ កើតចេញពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនបានដោយជោគជ័យ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានបញ្ជាក់ថា ការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភ: នឹងធ្វើឱ្យដំណើរការសេដ្ឋកិច្ចវិលទៅរកភាពធម្មតាឡើងវិញ ស្របពេលដែលកម្ពុជាកំពុងអនុវត្តច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក៏ដូចជាការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA ថែមទៀតនោះ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយនេះ កើនឡើងជាងមុនថែមទៀត។

គួរកត់សម្គាល់ថា ការឆ្លងជំងឺកូវីដ-១៩ បានថមថយរហូតដល់ក្រោម១០នាក់, រីឯការរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង ក៏បង្កជាក្តីបារម្ភផងដែរ, ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាល បានដាក់ការរឹតបន្តឹងប្រុងប្រយ័ត្នលើគ្រប់ច្រកទ្វារចេញចូល និងប្រកាសប្រាប់ប្រជាជនឲ្យប្រុងប្រយ័ត្នខ្ពស់ជានិច្ច, អាចនិយាយបានថា កម្ពុជាអាចទប់ទល់បាន។
បញ្ហាវីរុសអូមីក្រុងនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចទាំងពីរនាក់ខាងលើ យល់ថា វានឹងមិនបង្កផលរំខានដល់ដំណើរការអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជានោះទេ ខណៈកម្ពុជាមានបទពិសោធន៍ល្អក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋក៏កាន់តែយល់ដឹងអំពីការរាតត្បាត និងគ្រោះថ្នាក់នៃជំងឺនេះ។ អ្វីដែលគួរឲ្យទុកចិត្តទៀតនោះ គឺ ប្រជាជនបានចាក់វ៉ាក់សាំងស្ទើរតែគ្រប់១០០%ទៅហើយ ដូច្នេះ ករណីអូមីក្រុង នឹងមិនជះឥទ្ធិពលខ្លាំងទៅលើការធ្វើអាជីវកម្ម សហគ្រាស ឧស្សាហកម្ម និងចង្វាក់ផលិតកម្មផ្សេងៗឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












