Sunday, January 29, 2023

នៅ​ខេត្ត​កំពត​នឹង​មាន​កំពង់ផែ​ទឹក​ជ្រៅ ​ដែល​អាចឲ្យ​នាវា​ធុន​ធំ​ផ្ទុកទំនិញ​ពី​១​ម៉ឺន​តោន ដល់​៣​ម៉ឺន​តោន ចូល​ចត​និង​ផ្ទេរ​ទំនិញ​នៅ​ពេល​ខាងមុខ​

spot_img

​​ភ្នំពេញ​៖ នៅពេល​ខាងមុខ​នេះ នាវា​ធុន​ធំ​ផ្ទុកទំនិញ​ពី​១​ម៉ឺន​តោន ដល់​៣​ម៉ឺន​តោន អាច​ចូល​ចត​ផ្ទេរ និង​ផ្ទុកទំនិញ នៅ​កំពង​ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​កំពត ។

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន ទ្រី ភាព គ្រុប និង​ក្រុមហ៊ុន​កំពង់ផែ​អន្ដរជាតិ នៃ​ខេត្ត​គ័ង​ស៊ី ប្រទេស​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជាមួយ ស្ដី​ពី​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ ក្រោម​អធិបតីភាព​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ។​

​លោក​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទាំង​២ ត្រូវ​រៀបចំ​ផែនការមេ​ឲ្យបាន​ច្បាស់លាស់ ស្ដីពី​ការអនុវត្ត​គម្រោង​នេះ ដើម្បី​បំពេញ​ការងារ​ដ៏​ធំ​មួយ​នេះ បាន​សម្រេច​ជោគជ័យ ហើយ​លោក​ស្រី​ជឿជាក់ថា ក្រុមហ៊ុន​ទាំង​២ នឹង​អនុវត្ត​ការងារ​នេះ​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​-​ចិន​។​

​លោក​ឧកញ៉ា ទ្រី ភាព ប្រធាន​ក្រុមហ៊ុន ទ្រី ភាព គ្រុប បានឲ្យដឹងថា ការសាងសង់​កំពង់ផែ​នេះ នឹង​ផ្ដល់​ប្រយោជន៍​ធំ​ណាស់​ដល់​ប្រទេស​កម្ពុជា ហើយ​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​ទាំង​២ នឹងសិក្សា​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​១ ដែល​នឹង​ផ្ដល់​ការងារ​ចំនួន​៥០០​កន្លែង នៅ​ដំណាក់កាល់​ចាប់ផ្ដើម ដែល​ចំនួន​នេះ​នឹង​កើន​ដល់​១.៥០០​កន្លែង ក្នុង​រយៈពេល​៣​ឆ្នាំ​បន្ទាប់​។​

​ពាក់ព័ន្ធ​នឹង​ការចូលរួម​អភិវឌ្ឍន៍​កំពង់ផែ នៅ​ខេត្ត​កំពត គឺ​មាន​សារសំខាន់​ណាស់ ហើយ​អាច​ជា​របៀង​មួយទៀត ស្រប​តាម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។ នៅពេល​ខាងមុខ​នេះ នឹង​មាន​ការពង្រីក​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​កំពត ហើយ​ផ្លូវ​នេះ​នឹង​ធ្វើឲ្យ​រយៈពេល​នៃ​ការធ្វើ​ដំណើរ ពី​ខេត្ត​កំពត​មក​កាន់​ទីក្រុង​ភ្នំពេញ មាន​រយៈពេល​ខ្លី ហើយ​នៅ​តាម​បណ្តោយ​នៃ​ដងផ្លូវ​នេះ ក៏​នឹង​មាន​រោងចក្រ មាន​វា​រី​អគ្គីសនី​ផងដែរ ដែល​អាច​ធ្វើ​ជា​របៀង​សេដ្ឋកិច្ច​មួយ​ផង​ដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​