…ព្រហ្មលិខិតហាក់ដូចជាតាក់តែងឡើងនូវរឿងរ៉ាវចម្លែកៗធ្វើឲ្យអ្នកនឹងស្តាប់ទៅជក់ចិត្ត គួរចង់តាមដាន ។
ជាអាទិ៍ រឿងរបស់លោក Anthony Burkett និងនាង Jamie Frantz Burkett អ្នកទាំងពីរស្គាល់គ្នាតាមរយៈកម្មវិធី Tinder នៅឆ្នាំ ២០១៥ ។
គ្រានោះនាង Jamie កំពុងប្រើ Tinder ក៏ស្រាប់តែឃើញ Nickname មួយមានលេខ ១១៤៩៣ ដែលជាថ្ងៃ ខែ ឆ្នាំកំណើតរបស់នាង ។ ដោយងឿងឆ្ងល់នឹងករណី “ជាន់គ្នា” បែបនេះ នាងក៏ផ្ញើសារសួរទៅម្ចាស់ Nickname នោះ។
ប៉ុន្មាននាទីក្រោយ Jamie ទទួលបានចម្លើយថា លេខខាងលើក៏ជាថ្ងៃ ខែ ឆ្នាំកំណើតរបស់ Anthony ។
ក្រោយមក Jamie និង Anthony ទើបដឹងថា ពួកគេទាំងពីរ នៅចម្ងាយពីគ្នាពុំដល់ 30Km ផង។
…កាន់តែងឿងឆ្ងល់នាងបន្តសួរ Anthony ថា កើតនៅមន្ទីរពេទ្យណាដែរ? ចម្លើយគឺ ៖ East Jefferson General Hospital ។ នោះក៏ជាមន្ទីរពេទ្យដែលនាងបានចាប់កំណើតដែរ ។
តាមរយៈដឹងថារវាងគេទាំង២ មានចំណុចដូចគ្នាបែបនេះក៏ព្រមព្រៀងណាត់ជួបគ្នា។ ពេលនោះរឿងដូចគ្នាមួយទៀតទើបបានដឹង ៖ អ្នកទាំងពីរមានដៃកំណើតប្រើខាងឆ្វេងដូចគ្នា។
… ២ឆ្នាំក្រោយពួកគេក៏សម្រេចចិត្តរៀបការជាមួយគ្នា ព្រោះពួកគេជឿថា ព្រហ្មលិខិតបានរៀបចំទុកដាក់រួចស្រេចហើយ ។ ម្យ៉ាងទៀតវាក៏ជាបំណងរបស់នាង Jamie ដែរ ព្រោះនាងតែងប៉ងមាន “មនុស្សភ្លោះ” ដូចបងៗប្រុសភ្លោះរបស់នាងតាំងពីតូចមកម្លេះ ! ៕ ចន្ទ្រា