ស្ទឹងត្រែង ៖ នគរបាលខេត្តស្ទឹងត្រែង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ ដោយដកហូតបានវត្ថុតាងមួយចំនួន ករណីធ្វើសកម្មភាពកាប់ប្ល.ន់យកម៉ូតូរបស់ប្រជាពលរដ្ឋកន្លងទៅថ្មីៗនេះ។ នៅថ្ងៃទី២២ខែធ្នូនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

លោក អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ និងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ខ្ញុំបាទបានដាក់ចេញនូវបទបញ្ជា និងចាត់តាំងកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាក្មេងទំនើង ដែលតែងតែបង្កការអុកឡុកនៅតាមទីសាធារណៈ ក៏ដូចជាការបង្កឲ្យមានអំពើហឹង្សាដោយចេតនា និងជនសង្ស័យដែលបានធ្វើសកម្មភាពកាប់ប្ល.ន់ យកម៉ូតូរបស់ប្រជាពលរដ្ឋកន្លងទៅថ្មីៗនេះ នៅក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង គឺមកដល់ពេលនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងនោះបានចំនួន០៧នាក់ ដោយដកហូតបានវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
បើតាមស្នងការនគរបាលខេត្តស្ទឹងត្រែង ៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មានផ្សេងៗ ដែលទាក់ទងទៅនឹងបទល្មើសនានា ឬការបង្កអោយមានអសន្តិសុខក្នុងភូមិសាស្រ្តខេត្ត គឺសូមជួយរាយការណ៍ជូនសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ៖ សុទ្ធ លី




