ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាសសាលក្រម ផ្តន្ទោសយុវជនជាប់ចោទម្នាក់ ដាក់គុក កំណត់ ២០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ប្រព្រឹត្តនៅខណ្ឌទួលគោក។
លោកចៅក្រម អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ជា ថៃតាំ ភេទប្រុស អាយុ៣០ឆ្នាំ និង ត្រូវបានជាប់ចោទ ពីបទ« ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន» តាមបញ្ញតិ្តមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោរក រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតវត្ថុតាងថ្នាំគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូចស្មើទម្ងន់ ១២៩៤.៣៩ ក្រាម (ជាង១គីឡូក្រាម) ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

