Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នឹងបង្កើតលក្ខខណ្ឌអំណោយផល ដល់ពាណិជ្ជករ ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាថា កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម នឹងត្រូវដាក់ឱ្យអនុវត្តនក្នុងឆ្នាំ២០២២ ខាងមុខនេះ ហើយវានឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកាន់តែល្អប្រសើរ តាមរយៈការសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។

កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាង កម្ពុជា-វៀតណាម នេះ ត្រូវបានបិទបញ្ចប់ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក ប្រមុខរដ្ឋវៀតណាម។

ក្រោយបញ្ចប់ការចុះអនុស្សរណៈយោគយល់គ្នា ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នេះ គឺដើម្បីបង្កើតក្របខណ្ឌគតិយុត្តិ និងយន្តការទ្វេភាគីសម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្ម ដែលប្រជាពលរដ្ឋរស់នៅតាមព្រំនៃប្រទេសទាំងពីរ បានធ្វើជាមួយគ្នាជាយូរលង់មកហើយ, ប៉ុន្តែនៅពេលនេះ វារឹងរឹតតែមានយន្តការ និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត ដើម្បីជំរុញឲ្យការអនុវត្តដំណើរការបានរលូន។

កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យមានការកសាងទីផ្សារនានា ប្រព័ន្ធលក់ដូរ មធ្យោបាយទូទាត់ដែលសម្បូរបែប កិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញសកម្មភាពពាណិជ្ជកម្ម ដែលស្របច្បាប់ សេវាគាំទ្រដល់ពាណិជ្ជកម្មតាមព្រំដែន ការផ្លាស់ប្តូរព័ត៌មានទីផ្សារ យន្តការដោះស្រាយបញ្ហានានាដែលអាចនឹងកើតឡើងជាយថាហេតុ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ នឹងធ្វើឱ្យប្រសើរទ្បើងនូវជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ, ហើយក៏នឹងរួមចំណែកពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ, បង្កើតនូវការតភ្ជាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងភាពយូរអង្វែងសម្រាប់ភាគីទាំងពីរ និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពាណិជ្ជករនៃភាគីទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×