ទីផ្សារមូលធននៅប្រទេសកម្ពុជា បានអភិវឌ្ឍយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបំផុសអ្នកចូលរួម និង និយតករអំពីសំនួរដ៏សំខាន់មួយគឺ៖ តើពួកគេធ្វើដូចម្តេចក្នុងការទាញប្រយោជន៍ពីឥទ្ធិពលនៃទីផ្សារនេះដើម្បីលើកកម្ពស់កិច្ចការពារបរិស្ថាន និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម?
វិធីមួយដើម្បីសម្រេចបានគំនិតនេះគឺ តាមរយៈឧបករណ៍ហិរញ្ញវត្ថុដែលយកគោលដៅទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) មកពិចារណា — ដូចជាសញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាព (GSS) ជាដើម។ ប្រាក់ចំណូលពីមូលបត្របំណុលប្រកបដោយភាពច្នៃប្រឌិតទាំងនេះត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ ហិរញ្ញប្បទាន ឬផ្តល់ហិរញ្ញប្បទានឡើងវិញដល់គម្រោងដែលជះលទ្ធផលវិជ្ជមានដល់បរិស្ថាន ឬសង្គម។
ការដាក់ប្រាក់សន្សំទៅក្នុងការវិនិយោគបែបនេះ អាចរួមចំណែកដល់អនាគតបៃតង និងប្រកបដោយភាពធន់ សម្រាប់កម្ពុជា ដោយជួយដល់ការសម្រេចបានអាទិភាពសម្រាប់ឆ្នាំ ២០២២ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់កម្ពុជា។ វាអាចជំរុញភាពធន់របស់ប្រទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម (MSMEs) ជាពិសេសគាំទ្រដល់ភាពជាសហគ្រិនរបស់ស្ត្រី។
បញ្ហាប្រឈមសំខាន់មួយក្នុងការសម្រេចបានគោលដៅនេះ គឺថា ទោះបីជាមានការរីកចម្រើននាពេលថ្មីៗ នេះក៏ដោយ ក៏ទីផ្សារសញ្ញាបណ្ណសាជីវកម្មកម្ពុជានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ សម្រាប់ ផ្នែកតម្រូវការ វាខ្វះមូលដ្ឋានរឹងមាំនិងចម្រុះនៃអ្នកវិនិយោគពីស្ថាប័នក្នុងស្រុក។ ទោះបីជាធនាគារពាណិជ្ជ មួយចំនួនជាអ្នកវិនិយោគធំនៅក្នុងទីផ្សារនេះក៏ដោយ មូលនិធិសោធននិវត្តន៍ និង ក្រុមហ៊ុនធានារ៉ាប់រង នានា បន្តរក្សាសាច់ប្រាក់នៅក្នុងគណនីធនាគារ។
មូលនិធិសោធននិវត្តន៍ និង ក្រុមហ៊ុនធានារ៉ាប់រង ជាទូទៅគឺជាអ្នកវិនិយោគទីផ្សារសញ្ញាបណ្ណរយៈពេល វែង ប៉ុន្តែភាគច្រើននៃប្រាក់សោធននិវត្តន៍ និង វិក័យប័ត្រធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា គឺគិតជាដុល្លារអាមេរិក ដែលធ្វើឱ្យវាកាន់តែលំបាកសម្រាប់ ប្រទេសក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណរូបិយវត្ថុក្នុងស្រុក។
សម្រាប់ផ្នែកផ្គត់ផ្គង់ អ្នកចេញសញ្ញាបណ្ណ ត្រូវបានទាក់ទាញតែតាមរយៈកម្មវិធីលើកទឹកចិត្តពន្ធ របស់ រាជរដ្ឋាភិបាល។ ការលើកទឹកចិត្តពន្ធបច្ចុប្បន្ននឹងផុតកំណត់ក្នុង ខែមករា ឆ្នាំ ២០២២ ដែលអាចធ្វើឱ្យមានភាពស្រពេចស្រពិលសម្រាប់ចក្ខុវិស័យនៃការចេញសញ្ញាបណ្ណសាជីវកម្ម។
ដើម្បីប្រមូលទុនឯកជនសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព វាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាទាំងនេះ និងបន្តអភិវឌ្ឍសមត្ថភាពទូទៅរបស់ទីផ្សារ។ ក្នុងពេលជាមួយគ្នានេះ ទោះយ៉ាង ណាក៏ដោយ អ្នកបង្កើតគោលនយោបាយអាចធ្វើសកម្មភាពដើម្បីធានាថា ទីផ្សារមានការរីកចម្រើនសំដៅ គាំទ្រដល់ការវិនិយោគដែលស្របតាម ESG ។ អនុសាសន៍ខាងក្រោមគួរតែត្រូវបានពិចារណា៖
ជាដំបូង និយតករគួរតែបញ្ជាក់ឱ្យច្បាស់ថា ស្ថាប័នហិរញ្ញវត្ថុ និងអ្នកចេញមូលបត្រត្រូវតម្រូវឱ្យបញ្ចូលការពិចារណាអំពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងការផ្តល់ប្រាក់កម្ចី និងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ សមាជិកភាពរបស់ធនាគារជាតិនៃកម្ពុជាក្នុងបណ្តាញធនាគារកណ្តាល និងអ្នកគ្រប់គ្រងសម្រាប់ធ្វើឱ្យមានប្រព័ន្ធហិរញ្ញវត្ថុពណ៌បៃតង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់និយតករមូលបត្រកម្ពុជា (SERC) ដើម្បីលើកកម្ពស់សញ្ញាបណ្ណ GSS គឺជាឧទាហរណ៍វិជ្ជមាន។ ក្នុងនាមជាប្រធានវេទិកាទីផ្សារមូលធនអាស៊ាន ដែលជាក្រុមនៃនិយតករមូលបត្រអាស៊ាន និយតករមូលបត្រកម្ពុជា ក៏គួរតែធានាថា ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ GSS ក្នុងស្រុកគឺស្របតាមគំនិតផ្តួចផ្តើមក្នុងតំបន់ ដូចជា សេដ្ឋកិច្ចពន្ធដារ អាស៊ានសម្រាប់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព (ASEAN Taxonomy for Sustainable Finance)។
ទីពីរ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គួរតែលើកទឹកចិត្តអ្នកវិនិយោគតាមស្ថាប័ន ជាពិសេសមូល និធិសោធននិវត្តន៍ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីផ្តល់អាទិភាពដល់ការវិនិយោគលើសញ្ញាបណ្ណ GSS ។ អជ្ញាធរនេះក៏គួរលើកទឹកចិត្តដល់ការកៀរគរប្រាក់សន្សំ និងដើមទុនឯកជនពីមូលដ្ឋានវិនិយោគិនក្នុងស្រុកដ៏ទូលំទូលាយ។
មធ្យោបាយមួយ គឺត្រូវណែនាំរបៀបវិនិយោគទាក់ទងនឹង GSS ថ្មី ដូចជាមូលនិធិរួម (Mutual Funds)និង គម្រោងវិនិយោគរួមផ្សេងទៀត ដែលនឹងជួយវិនិយោគិនលើអាជីវកម្មលក់រាយ (Retail Investors) ឱ្យចូលទីផ្សារសញ្ញាបណ្ណ ជាពិសេសដោយប្រើរូបិយប័ណ្ណជាតិតាមរយៈអ្នកគ្រប់គ្រងទ្រព្យសកម្ម (Asset Managers) ប្រកបមានជំនាញវិជ្ជាជីវៈ។ ជាលទ្ធផល វិនិយោគិនលើអាជីវកម្មលក់ រាយជាមួយការសន្សំ មានកំណត់នឹងអាចវិនិយោគ លើសញ្ញាបណ្ណសាជីវកម្ម រួមទាំងសញ្ញាបណ្ណ GSS ផង ដែរ។ ការធ្វើបែប នេះនឹងបង្កើនតម្រូវការ ព្រមទាំងបង្កើនសន្ទនីយកម្ម (Liquidity) និងតម្លាភាពនៅ ក្នុងទីផ្សារ។
ទីបី អ្នកចេញមូលបត្រ ជាពិសេសក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រងជាន់ខ្ពស់គួរតែទទួលស្គាល់ពី របៀបដែលប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចជួយដោះស្រាយបញ្ហា ESG ។ ពួកគេក៏គួរតែដឹងអំពីការ ចំណាយ និង ហានិភ័យដែលអាចកើតមានទាក់ទងនឹងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និង សង្គមនៃ ប្រតិបត្តិការរបស់ពួកគេ។ ជាឧទាហរណ៍ ក្រុមហ៊ុនមួយអាចដំឡើងប្រព័ន្ធភ្លើងដែលត្រូវការថាមពលតិច បន្ថែមទៀតនៅក្នុងអគារការិយាល័យរបស់ខ្លួន ឬអាចផ្តល់អាទិភាពដល់ការបង្កើតការងារក្នុងស្រុក ដែល អនុញ្ញាតឱ្យកម្មកររក្សាភាពស្និទ្ធស្នាលជាមួយគ្រួសាររបស់ពួកគេ។ ជារួម សកម្មភាពអាជីវកម្មនិមួយៗ រួម ទាំង MSMEs ផងដែរ អាចមានឥទ្ធិពលខ្លាំង។ ធនាគារអាចរួមចំណែកដោយការចេញសញ្ញាបណ្ណ GSS ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្ចីដែល MSMEs អាចប្រើប្រាស់សម្រាប់ការវិនិយោគដែលស្របតាម ESG ។
ទីបួន អន្តរការីទីផ្សារមូលធនក្នុងប្រទេសកម្ពុជាត្រូវការការបណ្តុះបណ្តាលបន្ថែមលើសញ្ញាបណ្ណ GSS ពី ដៃគូនិយតករ មូលបត្រ និងអភិវឌ្ឍន៍។ ពេលដែលអន្តរការីទាំងនេះយល់ដឹងពីទីផ្សារសញ្ញាបណ្ណ ពួកគាត់ ច្រើនតែខ្វះបទពិសោធន៍ជាមួយនឹងគោលការណ៍ និងស្តង់ដារដែលគ្រប់គ្រងសញ្ញាបណ្ណ GSS ។ វាក៏មាន សារៈសំខាន់ផងដែរក្នុងការបញ្ចូលនិរន្តរភាពទៅក្នុងវគ្គតម្រង់ទឹសសម្រាប់អន្តរការី ដែលមានអាជ្ញាប័ណ្ណ ក៏ដូចជាថ្នាក់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់សាធារណជនទូទៅ។ ជាមួយនឹងសមត្ថភាពកាន់តែប្រសើរ ឡើងដើម្បីការគាំទ្រការចេញផ្សាយសញ្ញាបណ្ណ និងទស្សនៈ ខាងក្រៅ អន្តរការីទាំងនេះអាចរួមចំណែក ធ្វើឱ្យទីផ្សារសញ្ញាបណ្ណ GSS មានដំណើរការប្រសើរជាងមុន។
ជាមួយនឹងគោលនយោបាយត្រឹមត្រូវ និងការគាំទ្រយ៉ាងខ្លាំងពីភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និយតករ និងអ្នកចូលរួមអាចប្រើប្រាស់ទីផ្សារមូលធន ដើម្បីជួយឱ្យសម្រេចបានលទ្ធផលវិជ្ជមាន សម្រាប់បរិស្ថាន និងសង្គម។ វានឹងកើតជាប្រយោជន៍ដល់សូម្បីតែប្រជាពលរដ្ឋកម្ពុជាដែលមិនបានចូលរួមដោយ ផ្ទាល់នៅ ក្នុងទីផ្សារនេះ។
សរសេរដោយ៖
- លោក Kosintr Puongsophol ជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុនៅនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ច សហប្រតិបត្តិការក្នុងតំបន់ (ERCD) នៃធនាគារអភិវឌ្ឍន៍អាស៊ី។
- លោកស្រី Shu Tian ជាសេដ្ឋវិទូនៅ ERCD នៃ ADB ។
- លោកស្រី Benita Ainabe ជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់នៅនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃ ADB ។