សឹ្ទងត្រែង ៖ កម្លាំងនគរបាលប៉ុស្តិ៍សៀមបូក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសឹ្ទងត្រែង បានដោះលែងឈើឱ្យទៅម្ចាស់វិញ ក្រោយពីបង្រ្កាបបានជាង ១០ ម៉ែត្រគុប កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ឃុំសៀមបូក និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ចុះបង្ក្រាបឈើខុសច្បាប់ នៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ដែលជាតំបន់សម្បូរនូវបទល្មើសដឹកជញ្ជូនឈើ ពីព្រំប្រទល់ខេត្តស្ទឹងត្រែង មកខេត្តក្រចេះ តាមផ្លូវទឹក។

បន្ទាប់ពីដាក់កម្លាំងយាមឈើអស់មួយយប់ ទល់ភ្លឺមក ក៏បានដោះលែងទៅវិញ ដោយមិនបាន បញ្ជូនសំណុំរឿង ទៅជំនាញរដ្ឋបាលព្រៃឈើនោះទេ។
មន្ត្រីចូលរួមបង្ក្រាបបានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលដោះលែងឈើ ក្រោយពីបង្ក្រាបនោះទៅវិញ គឺជាបទបញ្ជារបស់ថ្នាក់លើ មិនអាចធ្វើការបកស្រាយបានទេ ជុំវិញការដោះលែងនេះ។
លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា រឿងឈើក្តារដែលនគរបាលប៉ុស្តិ៍ និងនគរបាលខេត្ត បង្រ្កាបនោះ មិនបានប្រគល់មកឲ្យខាងជំនាញលោក ក៏មិនដឹងយ៉ាងម៉េចដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









