ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោក សម រង្ស៊ី និង គូកន ដែលជាអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ២១ នាក់ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ផ្សេងមួយទៀត ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្ប.ត់ និង ប៉ុន.ប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រ.ហារផ្តួលរំ.លំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ និងចលនាសង្គ្រោះជាតិ ដែលមានផែនការចំនួន៥ ចំណុច របស់លោកសម រង្ស៊ី ប្រព្រឹត្តចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺជាសមាជិកចៅក្រមប្រឹក្សា និងមានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺលោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានវត្តមាន ជនជាប់ចោទចំនួន ១៣ នាក់ ដែលជាប់ឃុំ និង មានមេធាវីការពារក្តី ចូលរួមផងដែរ។
សម្រាប់សវនាការនៅព្រឹកថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ អង្គជំនុំជម្រះសាលាដំបូងរាជធានី បានពិភាក្សានិង ពិនិត្យទៅលើភស្តុតាងទាំងអស់ ដែលមាននៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ និងបានសាកសួរ ទៅលើមន្ត្រីសមត្ថកិច្ចនគរបាលជំនាញ នៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានបច្ចេកទេស និង ស៊ើបការណ៍ខាងក្រៅ ក្រសួងមហាផ្ទៃ។
យោងតាមឯកសាររបស់តុលាកា បានឲ្យដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមាន លោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល និង មាន អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣ នាក់ផ្សេងទៀត។

ពួកគេទាំង២១នាក់ ខាងលើនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « រួមគំនិតក្ប.ត់ » និង « ញុះ.ញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម » ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នេះទៀត។
គួររំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស កំបាំងមុខលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

