Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុកបន្ទាយស្រី ត្រៀមលក្ខណៈសម្បត្តិ ដោះស្រាយបញ្ហាទំនាស់ដីធ្លី ទ្រង់ទ្រាយធំជាលក្ខណៈប្រព័ន្ធ

សៀមរាប ៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងថា ដឹកនាំប្រជុំមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាទំនាស់ដីធ្លី ទ្រង់ទ្រាយធំជាលក្ខណៈប្រព័ន្ធ នៅក្នុងតំបន់ជាប់ព្រំប្រទល់ រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃ ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។

លោកឃឹម ហ្វីណង់ បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ខែធ្នូឆ្នាំនេះថា ដីនៅក្នុងតំបន់ទាំងនេះ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផល ជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលបានទិញដីបន្តពីប្រជាពលរដ្ឋ។

តាមការសន្និដ្ឋានរបស់ក្រុមការងារ មានដីមិនតិចជាង១០០០ហិកតាទេ ដែលស្ថិតក្រោមភាពស្រពេចស្រពិល នៅលាយឡំជាមួយនឹងដីមានទំនាស់ មានឯកសារកាន់កាប់ជាន់គ្នា និងមានព្រំប្រទល់មិនច្បាស់លាស់ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នាទើបសង្ឃឹមអាចរកច្រកចេញបាន។

លោកឃឹម ហ្វីណង់ បានលើកឡើងថា ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះ នឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែ ដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាព នៅលើដីរបស់ខ្លួនមកកាន់ ក្រុមការងាររបស់រដ្ឋបាលស្រុក ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថា តំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដ ចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាង ឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×