ភ្នំពេញ ៖ លោកហុង សុគុណវឌ្ឍនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១បានប្រកាសសាលក្រម និងសម្រេចផ្តន្ទាទោស អតីតមន្ត្រីនគរបាលម្នាក់ និងគូកនចំនួន ៨នាក់ទៀត ដាក់គុកពី ២ ទៅ៦ ឆ្នាំ ក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់, ចាត់ចែងឲ្យប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងសង្កាត់ស្រះចក, ខណ្ឌដូនពេញ។
ជនជាប់ចោទទាំង៩ នាក់ខាងលើនេះ មានឈ្មោះ: ទី១- ឈ្មោះ ហ៊ីង តុលា ភេទប្រុសអាយុ៤១ឆ្នាំ ជាអតីតអនុប្រធានប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ត្រូវជាប់គុក ពន្ធនាគារ៥ឆ្នាំ ។ ទី ២-ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ។
ចំណែកឯ ទី៣ -ឈ្មោះ សាន សីហា ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៤-ឈ្មោះ វណ្ណៈ ចាន់ថា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៥-ឈ្មោះ ស សិលា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៦-ឈ្មោះ រស់ យ៉ា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៧-ឈ្មោះ ហុក សុខឡេង ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៨-ឈ្មោះ សួន បូរ៉ា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ និង ទី៩.ឈ្មោះ ទី ចាន់ណាក់ ភេទប្រុសអាយុ២០ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅមិនពិតប្រាកដ ។ អ្នកទាំង៧នាក់នេះ ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២ ឆ្នាំ ពីបទ: ” ជួញដូរ, ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ” ប្រព្រឹត្តនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ជាង៩យប់ នៅចំណុចក្តាន់២ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ពួកគេទាំង៩នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ និង ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបាន គ្រឿងញៀនសរុប ចំនួន២០៩កញ្ចប់ (២០៦កញ្ចប់តូចនិង០៣កញ្ចប់ធំ), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១, ដាវកែច្នៃចំនួន:១ដើម,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា