មន្ត្រីទូតផ្នែកសេវាកម្ម របស់សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងបន្តនៅកិច្ចពិភាក្សានៅសប្តាហ៍ក្រោយក្នុងរដ្ឋធានីវីយែននៃប្រទេសអូទ្រីស។
មន្ត្រីទូតកាន់តួនាទីផ្នែកខាងក្រៅរបស់សហភាពអឺរ៉ុប បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រើឈ្មោះផ្លូវការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថា «គណៈកម្មការចម្រុះនៃផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងកោះប្រជុំនៅទីក្រុងវីយែននាថ្ងៃច័ន្ទទី២៧ ខែធ្នូសប្តាហ៍ក្រោយ»។
តំណាងមកពីប្រទេសអ៊ីរ៉ង់ ចិន រុស្ស៊ី បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក Enrique Mora អគ្គលេខាធិការរង និងជានាយកផ្នែកនយោបាយនៃសេវាការទូតសហភាពអឺរ៉ុប។
យោងតាមសេចក្តីថ្លែងការណ៍ ភាគីនានានឹងបន្តការពិភាក្សាលើ ការរំពឹងទុកចំពោះសកម្មភាពវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក ចំពោះកិច្ចព្រមព្រៀង និងមធ្យោបាយនានាដើម្បីធានាឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពីភាគីទាំងអស់។
ដោយឡែក កិច្ចពិភាក្សាកាលពីសប្តាហ៍មុនត្រូវបានលើកឡើងថា នេះជាវិវត្តដ៏ល្អ សម្រាប់ភាគីទាំងអស់ បន្ទាប់ពីកិច្ចពិភាក្សានេះត្រូវបានផ្អាកអស់ជាច្រើនខែដោយសារភាពមិនចុះសម្រុងគ្នាជាច្រើនទៅលើផ្នែកសំខាន់ៗ។ លោក Enrique Mora បានថ្លែងថា ភាគីអឺរ៉ុប បានដាក់សំណើរបស់ទីក្រុងតេអេរ៉ង់ទៅនៅក្នុងអត្ថបទដែលភាគីទាំងអស់កំពុងដំណើរការដែល សំណើរនេះ គឺគ្របដណ្តប់ទៅលើគ្រប់ទិដ្ឋភាពនៃការចរចាទាំងអស់ដែលវាបានបង្កប់ន័យទាំង ការដកទណ្ឌកម្ម និងវិធានការនុយក្លេអ៊ែរជាដើម។
មែនទែនទៅ ក្រុមអ្នកការទូតសហភាពអឺរ៉ុបបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រលប់ទៅតុចរចាវិញ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងប្រទេសទាំងពីរ។
សូមរំលឹកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ដោយអ៊ីរ៉ង់ សហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងតេអេរ៉ង់បានប្តេជ្ញាដាក់កំណត់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនចំពោះគោលបំណងស៊ីវិល ហើយជាថ្នូរមកវិញមហាអំណាចពិភពលោកបានយល់ព្រមទម្លាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកគេលើអ៊ីរ៉ង់។
ប៉ុន្តែនៅក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នាពេលនោះ អាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ ឈប់អនុវត្តតាមកិច្ចព្រមព្រៀងនេះ៕ ប្រភព៖ CNA