Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារមូលបត្រកម្ពុជា៖ ចុងឆ្នាំនេះ ទោះបីជាមិនមានក្រុមហ៊ុនសុំចុះបញ្ជីក្ដី តែទំហំជួញដូរ មានការកើនឡើង

ភ្នំពេញ៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ គឺមានការយឺតយ៉ាវនៃក្រុមហ៊ុន ដែលនឹងមកចុះបញ្ជីលក់មូលបត្រដោយសារតែមានក្រុមហ៊ុនខ្លះ កំពុងរវល់បិទបញ្ជីស្នាម រៀបចំឯកសារផ្សេងៗ មិនទាន់បានរួចរាល់ បូករួមនឹងការរៀបចំពាក្យស្នើសុំ ចុះបញ្ជីលក់មូលបត្រនេះមិនទាន់រួចរាល់ជាដើម ហើយក្រុមហ៊ុនខ្លះទៀតកំពុងរង់ចាំការអនុញ្ញាតពិនិត្យ និងអនុម័តពីអាជ្ញាធរពាក់ព័ន្ធដូចជា និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិជាដើម។

ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមហ៊ុនដែលយឺតយ៉ាវ ក្នុងការចុះបញ្ជីលក់មូលបត្រក្នុងឆ្នាំនេះ ពួកគាត់នឹងមកសម្រុកចុះបញ្ជី ក្នុងឆ្នាំ២០២២ខាងមុខនេះ។ ដូច្នេះក្នុងឆ្នាំ២០២២ នឹងមានក្រុមហ៊ុនច្រើនមកចុះបញ្ជី ទាំងក្រុមហ៊ុនដែលបាននិងកំពុងធ្វើការ ជាមួយផ្សារមូលបត្រពេលនេះ និងក្រុមហ៊ុនថ្មីៗជាច្រើនទៀត។

ជាមួយគ្នានេះ ទោះបីជាចុងឆ្នាំនេះ មិនមានក្រុមហ៊ុនមកស្នើសុំចុះបញ្ជីក្ដី ប៉ុន្ដែលោកបានឱ្យដឹងថា បើគិតពីទំហំជួញដូរ មានការកើនឡើងច្រើនធៀបនឹងឆ្នាំមុនៗ។ ជាក់ស្ដែងក្នុងឆ្នាំ២០០៨ ទំហំជួញដូរមានចំនួន២ម៉ឺនដុល្លារ, ឆ្នាំ២០០៩ មានទំហំជិតដល់១៦ម៉ឺនដុល្លារ ចំណែកឆ្នាំ២០២០ មានត្រឹមតែ១១ម៉ឺនដុល្លារ ធ្លាក់ចុះដោយសារតែបញ្ហានៃជំងឺកូវីដ១៩ ហើយក្នុងឆ្នាំ២០២១នេះ ទំហំជួញដួរបានកើនឡើងរហូតដល់ជិត២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

លោក ហុង សុហួរ បានឲ្យដឹងថា នៅចុងឆ្នាំ២០២១នេះ មានក្រុមហ៊ុនមួយ ត្រូវបានផ្ដល់ការអនុញ្ញាតរួចរាល់ ពីនិយ័តករកម្ពុជា ដើម្បីចុះបញ្ជីលក់មូលបត្រ ខណៈក្រុមហ៊ុនចំនួន២ផ្សេងទៀត បាននិងកំពុងត្រៀមខ្លួន ហើយអាចនឹងរួចរាល់នៅដើមឆ្នាំ២០២២នេះ។ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ទទួលបានការអនុម័តជាគោលការណ៍ លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២០ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចំនួន៥ មកចុះបញ្ជីលក់មូលបត្រ៕

spot_img
×