Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ចិន មាន​បំណង​មក​វិនិយោគ​លើ​ការដាំដុះ កែច្នៃ និង​វេច​ខ្ចប់​នៅ​កម្ពុជា ហើយ​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​

​ភ្នំពេញ​៖ ដោយ​ពិនិត្យឃើញ​នូវ​ភាពចាំបាច់​នៃ​ការជំរុញ​ទីផ្សារ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ លោក​រដ្ឋមន្ត្រី វេង សាខុន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ទទួល​ជួប​តំណាង​ក្រុមហ៊ុន Pagoda ដើម្បី​ពិភាក្សា​ពី​សក្តានុពល​ទីផ្សារ​កសិផល​នៅ​ប្រទេស​ចិន និង​យន្តការ នៃ​កិច្ច​សហការ រវាង​ឯកជន​និង​រដ្ឋ នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ទីស្តីការ ក្រសួង។​

លោក​រដ្ឋមន្ត្រី បាន​មានមតិ​ស្វាគមន៍​ដល់​គណៈប្រតិភូ​ក្រុមហ៊ុន និង​បាន​សម្តែង​ក្តីរីករាយ​ដែល​ក្រុមហ៊ុន មាន​ចំណាប់អារម្មណ៍​មក​វិនិយោគ​លើក​សិ​-​ឧស្សហ​កម្ម​នៅ​កម្ពុជា​។ នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជូន​ថា កម្ពុជា​មាន​ធនធាន​គ្រប់គ្រាន់ ទាំង​ដី ទឹក និង​អាកាសធាតុ​ដែល​អំណោយផល​ក្នុង​ផលិតកម្ម​កសិកម្ម​។​

​ទន្ទឹម​នឹង​នេះ​កម្ពុជា​បាន​ផលិត​នូវ​កសិផល​ជាច្រើន ដែល​ពុំ​បាន​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ហេតុដូចនេះ កម្ពុជា​ទាមទារ​នូវ​ក្រុមហ៊ុន​បរទេស​ដែល​មាន​ឆន្ទៈ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​ផលិត​នូវ​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណភាព​និង​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ មាន​ទំនាក់ទំនង​ទីផ្សារ​ច្បាស់លាស់ និង​មាន​ការយល់ដឹង​ខ្ពស់​ពី​នីតិវិធី​ក្នុង​ការនាំ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​ក្នុង​ជំនួប​នេះ ក្រុមហ៊ុន បាន​បញ្ជាក់​ជូន​ថា ក្រុមហ៊ុន Pagoda ជា​ក្រុមហ៊ុន​លក់រាយ​នូវ​ផ្លែឈើ លំដាប់​អន្តរជាតិ នៅក្នុង​ទីផ្សារ​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន មាន​ទីតាំង​ហាង​ចំនួន ២.៧០០​ហាង ដែល​មាន​ទីតាំង​ស្ថិតនៅ ៤០​ទីក្រុង នៃ​ខេត្ត​ចំនួន​១៣ នៅ​ប្រទេស​ចិន អាច​រកចំណូលបាន​ក្នុង​ឆ្នាំ​២០១៧ ចំនួន​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក​។​

​ដោយ​មាន​ការកើនឡើង​នូវ​តម្រូវការ​ផ្លែឈើ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ក្រុមហ៊ុន​បាន​ទទួល​ការផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​ជាង ៥០០ និង​នាំចូល​ពី​ជាង ២១​ប្រទេស​លើ​ពិភពលោក​។ ដូច្នេះ​ក្រុមហ៊ុន​មានបំណង មក​វិនិយោគ​លើ​ការដាំដុះ កែច្នៃ និង​វេច​ខ្ចប់ ហើយ​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដើម្បី​បំពេញ​នូវ​កំណើន​តម្រូវការ​នាពេលខាងមុខ​។ ក្រុមហ៊ុន​ក៏​បាន​ស្នើ​ដល់​ក្រសួង មេត្តា​គាំទ្រ​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន Pagoda នៅ​ក្រោយ​ពេល​បញ្ចប់​ការរៀបចំ Master Plan រួចរាល់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​