ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការក្លែងបន្លំ Facebook របស់កងទ័ព ហើយធ្វើការបំផុស ដើម្បីញុះញង់ ឱ្យមានការបែកបាក់ជាតិ ប្រឆាំងរដ្ឋាភិបាល។ ការប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីមានជនអនាមិកមួយចំនួន ដែលគេសង្ស័យថា មានសេណារីយោច្បាស់លាស់ បានក្លែងបន្លំធ្វើជាគណនី Facebook របស់កងទ័ព។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវថា ” រយៈពេលប៉ុន្មានថ្ងៃមកនេះ មានក្រុមជនអគតិមួយចំនួនតូច បានបន្តសកម្មភាពក្លែងបន្លំជាហ្វេសប៊ុក (Facebook) របស់បងប្អូនកងយោធពលខេមរភូមិន្ទ ហើយបង្ហោះខ្លឹមសារញុះញង់ បំបែកបំបាក់លាបពណ៌មកលើកងទ័ពដើម្បីប្រឆាំងរដ្ឋាភិបាល។ ការលាបពណ៌មកលើកងយោធពលខេមរភូមិនេះ គឺជាអំពើថោកទាប និងដ៏សែនល្ងង់ខ្លៅរបស់ក្រុមក្បត់ជាតិ ដែលបានប្រកាសធ្វើសកម្មភាពមកលើកងទ័ព ក្នុងចេតនាបំផ្លាញដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់”។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជាទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះក្រុមជនក្បត់ជាតិទាំងនេះ ហើយសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជន ដែលបន្លំហ្វេសបុករបស់កងទ័ព យកមកផ្តន្ទាទោសតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។
លោកបានថ្លែងថា “កងយោធពលខេមរភូមិន្ទ មានការស្មោះត្រង់ និងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកសន្តិភាពជូនកម្ពុជាយ៉ាងលំបាក ហើយមិនឱ្យជនក្បត់ជាតិបានសម្រេចបំណងបំផ្លិចបំផ្លាញសន្តិភាពនេះឡើយ”៕ ដោយ៖បញ្ញាស័ក្តិ