ខេត្តព្រះសីហនុ៖ ក្រុមអ្នករត់ការទំនិញចេញចូល ឬរត់ការជើងសារគយ តាមច្រកមន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបន្តចោទថ្នាក់ដឹកនាំកំពង់ផែនេះ ថា បង្កើតឲ្យមានការិយាធិបតេយ្យច្រើនកន្លែង និង តម្រូវឲ្យពួកគេបង់លុយថ្លៃសេវាផ្សេងៗ ដោយមិនចេញវិក្កយបត្រជូនទេ។
អ្នករត់ការទំនិញមួយចំនួន បានផ្តល់សម្ភាសដល់អ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។ ពួកគេបានចោទ មន្រ្តីបំរើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មួយចំនួនថា បានប្រើតួនាទីតាមជំនាញរៀងៗខ្លួន ដើម្បីប្រមូលលុយ ពីក្រុមអ្នករត់ការទំនិញ ឬជើងសារគយ ដោយមិនចេញវិក្កយបត្របញ្ជាក់ការចំណាយឲ្យបានត្រឹមត្រូវនោះទេ។
ប្រភពដែល បានអះអាងថា រាល់ថ្ងៃនេះ ពួកគេបានចំណាយលុយ ដែលមន្ត្រីជំនាញ បំរើការនៅកំពង់ផែស្វយ័ត ដែលមិនបានចេញវិក័យបត្រជូនរួមមាន៖ មន្រ្តីប្រចាំការនៅទីតាំងលើកដាក់ទំនិញ មន្ត្រីប្រចាំការនៅទីកន្លែងផ្ញើទូទំនិញ មន្រ្តីមានតួនាទីស៊ីញ៉េលើឯកសារផ្សេងៗប្រចាំការនៅលើទីលាន ក្នុងកំពង់ផែស្វយ័ត និង មន្ត្រីប្រចាំការរាប់ក្បាលឡានដឹកទំនិញ ឬឡានដឹកកុងតេន័រប្រចាំការនៅតាមច្រកទ្វារចេញចូលជាដើម។
បញ្ហានេះ ប្រភពពីក្រុមអ្នករត់ការ និង ឯកសារចំណាយលើដំណើរការងាររត់ការយកទូទំនិញចេញចូលតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានសំណូមពរដល់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយពិនិត្យ និងសម្របសម្រួល ឈានទៅកែប្រែចំណុចអសកម្ម ឬភាពមិនប្រក្រតី កំពុងកើតមាននៅកំពង់ផែស្វយ័តនេះ ឲ្យបានប្រសើរឡើងវិញ។
បន្ថែមលើនេះ ក្រុមអ្នករត់ការទំនិញ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតពីភាពមិនប្រក្រតី នៃអំពើពុករលួយ ផ្តើមពីការបង្កើតឲ្យមានការិយាធិបតេយ្យជាច្រើនកន្លែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យបានឆាប់ និងមានប្រសិទ្ធភាព។
ក្រុមអ្នករត់ការទំនិញនៅកំពង់ផែស្វ័តក្រុងព្រះសីហនុ បានរៀបរាប់ថា តាមធម្មតាការបង់ថ្លៃសេវាលើកដាក់ទំនិញនាំចូល និងនាំចេញ ក្រុមហ៊ុននាំទំនិញ តម្រូវឲ្យបង់ថ្លៃសេវាតាមវិក្កយបត្រ ឲ្យបានត្រឹមត្រូវ ដោយក្នុង ១ទូៗ ឬ ១កុងតែន័រ ២០ហ្វីត(20feet) ត្រូវបង់ ៦៩.៣០ដុល្លារ (ហុកសិបប្រាំបួន ចុចសាមសិបសេនដុល្លារអាមេរិក)។ ក្នុងនោះសម្រាប់កុងតេន័រ ៤០ហ្វីត ត្រូវបង់ ១០៥.៦០ដុល្លារអាមេរិក (មួយរយប្រាំដុល្លារចុច៦០សេនអាមេរិក)។ ប៉ុន្តែជាក់ស្តែង ក្រុមអ្នករត់ការទំនិញទាំងនោះ បានអះអាងថា ត្រូវមន្រ្តីខិលខូចមួយចំនួន បានឆ្លៀតឱកាសយកតួនាទី ឬជំនាញរៀងៗខ្លួន មកបង្ខំឲ្យក្រុមអ្នករត់ការ ត្រូវបង់លុយក្រៅផ្លូវការបន្ថែមទៀត ដោយមិនមានចេញវិក្កយបត្រជូនពួកគេនោះទេ។
ក្រុមអ្នករត់ការទំនិញ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានអះអាងថា មន្ត្រីជំនាញនៅតាមការិយាធិបតេយ្យនីមួយៗ នៅក្នុងកំពង់ផែនេះ អាចរកលុយពុករលួយ ពីក្រុមអ្នករត់ការទំនិញ ឬរត់ការជើងសារគយ បានដោយងាយៗ មានដូចជា៖ ទី១/ នៅទីកន្លែង ឬទីលានលើកដាក់ទូរទំនិញ បានតម្រូវឲ្យក្រុមអ្នករត់ការបង់ថ្លៃសេវាបន្ថែម ដែលមិនមានវិក្កយបត្រចំនួន ១០,០០០៛(មួយម៉ឺនរៀល) ក្នុង ១ទូ ២០ហ្វីត(20feet) និងកុងតែន័រ ៤០ហ្វីត ត្រូវបង់បន្ថែម ១៥,០០០៛ (មួយម៉ឺនប្រាំពាន់រៀល)។ កន្លងមកនេះ ថ្លៃចំណាយខាងលើ គឺ លោក ឡុន ស៊ីន ជាអ្នកប្រមូលយកលុយទាំងនោះ។
២/ កន្លែងរាប់ក្បាលឡាន ក៏តម្រូវឲ្យអ្នករត់ការបង់ថ្លៃសេវាបន្ថែម ដែលមិនមានវិក្កយបត្រចំនួន ៣,៥០០៛(បីពាន់ប្រាំរយរៀល) ក្នុង ១ទូ ២០ហ្វីត(20feet) និងកុងតេន័រ ៤០ហ្វីត ត្រូវបង់បន្ថែម៦,០០០៛ (ប្រាំមួយពាន់រៀល) ។
៣/ ថ្លៃស៊ីញ៉េលើឯកសារនៅទីលាន ក៏តម្រូវឲ្យអ្នករត់ការបង់ថ្លៃសេវាបន្ថែម មិនមានវិក្កយបត្រ ចំនួន ២,០០០៛(ពីរពាន់រៀល) ក្នុង ១ទូ(កុងតែន័រ) ដោយថ្លៃចំណាយនេះ លោក ថៃ ម៉េងលី ជាអ្នកប្រមូលយក។
៤/ ថ្លៃផ្ញើកុងតែន័រ នៅទីលានទុកដាក់ទំនិញក្នុងបរិវេណកំពង់ផែស្វ័យតវិញ គឺត្រូវមន្ត្រីទាំងនោះតម្រូវឲ្យអ្នករត់ការបង់ថ្លៃសេវាបន្ថែម ដោយមិនមានវិក្កយបត្រចំនួន ២០ដុល្លារអាមេរិក(ម្ភៃដុល្លារ)សម្រាប់ ១ទូ ២០ហ្វីត(20feet) ក្នុង ១ថ្ងៃ និងកុងតែន័រ ៤០ហ្វីត ត្រូវបង់បន្ថែម ៤០ដុល្លារ (សែសិបដុល្លារ)។ ប្រាក់ចំណាយនៅកន្លែងនេះនាពេលកន្លងមក លោក ទុយ វណ្ណនី ជាអ្នកប្រមូលយកលុយទាំងនោះពីពួកគេ។
ត្រង់ចំណុចនេះ ក្រុមអ្នករត់ការគយមួយចំនួននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា បើអ្នករត់ការទំនិញទាំងឡាយចង់ប្រញាប់ គឺត្រូវមន្ត្រីប្រចាំនៅកន្លែងឡានស្ទួច(RTG) តម្រូវឲ្យបង់ថ្លៃសេវាបន្ថែម ដែលមិនមានចេញវិក្កយបត្រ ចាប់ពី ៥ដុល្លារ ទៅ ១០ដុល្លារ ក្នុង ១ទូៗទៀមទៀតផង។
ផ្តើមពីបញ្ហានេះ ក្រុមអ្នករត់ការទំនិញចេញចូលតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសំណូមពរដល់ លោក ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្គេតពីភាពមិនប្រក្រតី ដែលកំពុងកើតមាន នៅក្នុងស្ថាប័នកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យបានត្រឹមត្រូវឡើងវិញ។
ទោះយ៉ាងណា គេហទំព័រ CEN.COM.KH មិនទាន់អាចសុំការបំភ្លឺ ពីមន្ត្រីមួយចំនួន កំពុងបំរើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវក្រុមអ្នករត់ការទំនិញក្នុងកំពង់ផែនេះចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយបាននៅឡើយទេ។ ពិសេសជាងនេះ អ្នកយកព័ត៌មានគេហទំព័រ«សេន» CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ក៏មិនអាចទាក់ទង លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្នើការបំភ្លឺតាមទូរស័ព្ទបានដែរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៨៕