Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ជា វ៉ាន់ដេត សន្យាថា ៣ខែក្រោយ ប្រសិនបើពុំមានការកែលម្អគុណភាព សេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ទេ ក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់បុរី

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ ក្នុងការលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍ នៅតាមបុរី ដោយឯកឧត្តមរដ្ឋមន្ត្រីបានសន្យាថា នឹងត្រឡប់មកទីតាំងដដែលនេះវិញ ក្នុងរយៈពេល ៣ខែក្រោយ ដើម្បីពិនិត្យមើលគុណភាព សេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ ហើយប្រសិនបើពុំមានការកែលម្អគុណភាព សេវាទាំងអស់នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ អំពីបញ្ហាគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត និងប្រជាពលរដ្ឋនៅ បុរី ប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយ ក្នុងការលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍។

កម្មវិធីនេះ មានការចូលរួមពីភាគីពាក់ព័ន្ធ មានដូចជាក្រុមការងារ ពង្រឹងគុណភាព នៅតាមបុរីទាំង៨ក្រុម របស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្នុងបុរីប៉េងហួត។

ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការជួបប្រទះបញ្ហាប្រឈម ទាក់ទងនឹងសេវាទូរសព្ទចល័ត បានឱ្យប៉ះពាល់ ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាគុណភាពសេវានេះ មានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បំពាក់ឧបករណ៍វាស់ស្ទង់ គុណភាពសេវា បង្កើតក្រុមការងារដោះស្រាយ បញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតឱ្យបានល្អប្រសើរ។ ក្នុងនោះផងដែរ ក្រុមការងារនឹងសាងសង់ បង្គោលអង់តែនបន្ថែម ជាច្រើនទៀត ហើយត្រូវមានប្រតិបត្តិករចំនួន ៣ ប្រើប្រាស់រួមគ្នា លើបង្គោលមួយ ដែលមានទម្រង់ជាដើមឈើ ប្រកបដោយសោភ័ណភាព។

ថ្លែងក្នុងពិធីសំណេះសំណាល នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង ពីវឌ្ឍនភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែង របស់ក្រសួង ក្នុងការផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ និងបានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយពេលវេលា លើកជាសំណួរ ក៏ដូចជាចម្ងល់ផ្សេងៗ ព្រមទាំងសន្យាថា នឹងត្រឡប់មកទីតាំងដដែលនេះវិញ ក្នុងរយៈពេល ៣ខែក្រោយ ដើម្បីពិនិត្យមើលគុណភាព សេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ ហើយប្រសិនបើពុំមានការកែលម្អគុណភាព សេវាទាំងអស់នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×