ភ្នំពេញ ៖ កីឡាករការ៉ាត់តេដូ ចំនួន២រូប ដែលរដ្ឋាភិបាល បានបញ្ចូនទៅប្រកួត នៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់ មកដល់ប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យប្រឡងបាក់ឌុប នៅមណ្ឌលព្យាបាលកូវីដ-១៩។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងប្រាប់ CEN នៅយប់ថ្ងៃទី២៦ ខែធ្នូ នេះថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យកីឡាករ០២រូប ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា នៅថ្ងៃ២៦ ធ្នូ ២០២១ បេក្ខជនប្រឡងបាក់ឌុប បានទៅពិនិត្យឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាព រលូនតាមការគ្រោងទុក។ ដោយឡែក បេក្ខជនប្រឡងបាក់ឌុបចំនួន០២រូប ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ជូន ទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យកីឡាករ០២រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩មួយកន្លែងក្រោមការរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១១៤ ១៨៣នាក់ (ស្រី៦០ ៣៩៧នាក់)។ បេក្ខជន ត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរ មានចំនួនសរុប ២០៤មណ្ឌល ត្រូវជា ៤,៦១៦បន្ទប់។ មណ្ឌលកំណែសម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

