ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងដោយបានជម្រាបដល់ពាណិជ្ជករនាំផលិតផលចូលទៅកាន់សហរដ្ឋអាមេរិកពីកម្ពុជាជ្រាប ពីព័ត៌មានដែលរដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ ទើបចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០។
ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ដល់រាល់ពាណិជ្ជករទាំងអស់ ដែលនាំចូលទំនិញទៅទីផ្សារសហរដ្ឋអាមេរិកនាពេលកន្លងមក ហើយបានបង់ពន្ធរួច ចាប់ពីខែមករាមក អាចធ្វើការស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញបាន បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចបន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងដាក់ឲ្យចូលជាធរមានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
លោកប្រធានាធីបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើច្បាប់ស្តីពី H.R. 1625 the Consolidated Appropriations Act, 2018 ដើម្បីបន្តឡើងវិញ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅដោយភ្ជាប់ជាមួយការធ្វើប្រតិសកម្មពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ការបន្តឡើងវិញនាំការផ្តល់ប្រព័ន្ធអនុគ្រោះទូទៅនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ហើយចំពោះអ្នកដែលបាននាំចូលទៅសហរដ្ឋអាមេរិកគិតចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៨ អាចមកស្នើសុំដកប្រាក់ពន្ធដែលបានបង់រួចមកវិញបាន តាមការជូនដំណឹងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ៕
ការសម្រេចនេះ អាចឲ្យរាល់ពាណិជ្ជករទាំងអស់ដែលប្រើ Special Program Indicator (SPI) កូដ អាចទទួលប្រាក់ពន្ធ ដែលបានបង់រួចហើយត្រឡប់មកវិញ ដោយស្វ័យប្រវត្តិ។ ដោយឡែងអ្នកនាំផលិតផល ទៅអាមេរិកដែលមិនប្រើ SPI កូដអាចស្នើសុំប្រាក់ពន្ធមកវិញ បានដោយត្រូវដាក់ពាក្យស្នើសុំដោយខ្លួនឯង តាមរយៈគេហទំព័រនៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម៕ ដោយ៖បញ្ញាស័ក្តិ