ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួនជា ២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ផ្ដល់ជូនកម្ពុជា នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតរួចហើយ ឲ្យសិស្សដែលមានជំងឺកូវីដ-១៩ អាចចូលប្រឡងបាក់ឌុបនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១បាន ប៉ុន្តែត្រូវប្រឡងដាច់ដោយឡែក ក្នុងមន្ទីរព្យាបាលតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំបានដោះស្រាយករណីសិស្សដែលត្រូវប្រឡង ប៉ុន្តែមានជំងឺកូវីដ-១៩, ព្រោះនៅពេលមុននេះបន្តិច អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើតកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡងនោះទេ ប៉ុន្តែរឿងនេះ ខ្ញុំបានស្នើឲ្យមានការកែតម្រូវ គឺអនុញ្ញាតឲ្យពួកគេចូលប្រឡង ចុះ ក៏ប៉ុន្តែ យើងនឹងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅមន្ទីរពេទ្យតែម្តង ដូច្នេះសូមសិស្សដែលត្រូវប្រឡងទាំងអស់ កុំមានការបារម្ភ ភ័យស្លន់ស្លោ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនដែលត្រូវប្រឡង សរុប ១១៤១៨៣ (ស្រី ៦០៣៩៧នាក់) គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។
សិស្សានុសិស្សទាំងអស់ ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស វាស់កម្តៅទទួលស្ទីកឃ័រសុខភាព កម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡង ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នានិងមានភាពត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















