ភ្នំពេញ៖ មន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅឆ្នាំ ២០២២ខាងមុខនេះ ក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសរបស់ខ្លួននៅកម្ពុជា ក្នុងនោះ ក្រុមហ៊ុនចំនួន៣ វិនិយោគដោយក្រុមហ៊ុនចិន ដែលមានទីតាំងនៅខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ នៅដើមឆ្នាំក្រោយ ហើយនិងក្រុមហ៊ុនមួយទៀតជាក្រុមហ៊ុនឥណ្ឌា Mesco Gold នឹងចាប់ផ្តើមនៅចុងឆ្នាំក្រោយផងដែរ។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាលទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។
ក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀតនៅកម្ពុជា គ្រោងនឹងបើកដំណើរការធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅឆ្នាំ ២០២២ខាងមុខនេះ បន្ទាប់ពីរោងចក្រលើកដំបូងរបស់អូស្ត្រាលី បានបើកដំណើរការកាលពីខែមិថុនាកន្លងទៅនេះ នៅខេត្តមណ្ឌលគិរី។
កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សូមជម្រាបជូនផងដែរថា ការរុករករ៉ែមាសនេះ មានក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី បានទទួលអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល ហើយអាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕