Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ចុះពិនិត្យដំណើរការ សំណេរ នៅតាមមណ្ឌលប្រឡង , បញ្ហាសុខភាពបេក្ខជន ក្នុងអំឡុងពេលដំណើរសំណេរ

ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យដំណើរការសំណេរ នៅតាមមណ្ឌលប្រឡងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ដោយស្ថានភាពនៅមណ្ឌលប្រឡងមានបរិយាកាសស្ងប់ស្ងាត់។

ក្នុងដំណើរការប្រឡងនេះ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ភាពស្ងាប់ស្ងាត់ក្នុងដំណើរសំណេរនៅម៉ោងទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ , នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរវិញ្ញាសាទី២ គឺជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និងប្រវត្តិវិទ្យា សម្រាប់ថ្នាក់ថ្នាក់វិទ្យាសាស្រ្តសង្គម ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ និងគោរពតាមបទប្បញ្ញត្តិ។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ។ បេក្ខជនដែលមានបញ្ហាសុខភាព ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត គ្រុនឈាម ជាដើម បានទទួលការជួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។ ដោយឡែកគណៈមេប្រយោគ និងក្រុមគ្រូពេទ្យក៏បានជួយសម្របសម្រួល ដើម្បីជួយដល់បេក្ខជនមួយរូបដែល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអាចចូលរួមប្រឡងបានផងដែរ។

សូមជម្រាបថា ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការ យ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ព្រឹកនេះមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ចំណែកសម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ព្រឹកនេះក៏មានពីរមុខវិជ្ជាផងដែរ គឺប្រវត្តិវទ្យា រយៈពេល៦០នាទី និងជីវវិទ្យា រយៈពេល៩០នាទី។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ជាទូទៅ ដំណើរការព្រឹកថ្ងៃទី១ នៃដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អតាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៧៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោកបន្តថា ដោយឡែក បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពនៅ ក្នុងអំឡុងពេលប្រឡង ក្នុងដំណើរសំណេរនាព្រឹកនេះ។ បញ្ហាសុខភាពរបស់ បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ​ នៅតាមមណ្ឌលប្រឡង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×