ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដោយនៅក្នុងនោះអង្គប្រជុំ បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម រួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម
២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
ការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នូវៈ
១-១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម
១-២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
១-៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
២- អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈដូចខាងក្រោម៖
២-១. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម
២-២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
២-៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



