ភ្នំពេញ ៖ ផ្ទះមួយខ្នងថ្មក្រោមឈើលើប្រក់ស័ង្កសី ត្រូវត្រូវបានអគ្គិភ័យឆាបឆេះខ្ទេ.ច ខណ:ពេលម្ចាស់ផ្ទះ ដុតធូបសែនថ្ងៃសិល រួចចេញទៅវត្តបាត់ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ក្រុម២ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ មេត ផល្លា ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើ បានដុតធូបសែនព្រេនថ្ងៃសិល ហើយក៏បានធ្វើចង្ហាន់ទៅវត្ត ដើម្បីឧទិសកុសល ដល់ប្តីរបស់ដែលទើបតែស្លា.ប់ បានរយ:ពេលជាង១ខែកន្លងទៅថ្មីៗនេះលុះត្រលប់មកវិញ ស្រាប់តែឃើញមានផ្សែង និងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ចេញពីបន្ទប់ជាន់ខាងលើ ភ្លាមៗនោះផងដែរ ក៏មានអ្នកភូមិបាននាំគ្នា យកទុយោទឹកជួយបា.ញ់ទប់ស្កាត់ តែដោយសារតែស្ថានភាព ភ្លើងឆាបឆេះខ្លាំងពេក ពុំអាចទប់ទល់ស្ថានការណ៍បាន ទើបសមត្ថកិច្ចមូលដ្ឋាន បានសុំរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ដើម្បីជួយអន្តរាគមន៍បា.ញ់ទឹក ទប់ស្កាត់កុំឲ្យរាលដាល ដល់ផ្ទះអ្នកភូមិជាបន្តទៀត ដោយអគ្គិភ័យខាងលើនេះ រលត់ទៅវិញ ជាស្ថាពរនៅវេលាម៉ោង ១២និង១០នាទី រសៀលថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមាន គ្រោះអគ្គិភ័យខាងលើ គឺបណ្តាលមកពីម្ចាស់ផ្ទះដុតធូប ហើយភ្លើងធូបធ្លាក់ចំ មកលើពូក ទើបបណ្តាលឲ្យឆាបឆេះបែបនេះ។ ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះដែរ គឺមិនបណ្តាលឲ្យមាន អ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតផ្ទះអស់មួយខ្នង ទាំងស្រុង រួមនិងសម្ភារ:ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម





