Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើសមត្ថកិច្ចអន់ខ្សោយ ឬក្រុមចោរខ្លាំង? សូម្បីតែខ្សែភ្លើងកំពុងមានចរន្តលើបង្គោល ក៏ក្រុមចោរហ៊ានឡើងទៅលួចកាត់ដែរ ក្នុងទឹកដីខណ្ឌមានជ័យ

ភ្នំពេញ ៖​ ប្រជាពលរដ្ឋរស់នៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រង់ចំណុចនៅក្រោយវត្តនន្ទមុនី ពួកគាត់លើកឡើងថា ការរស់នៅរបស់ពួកគាត់នៅម្ដុំនោះ មិនសូវមានភាពកក់ក្ដៅប៉ុន្មានទេ ទាក់ទងទៅនឹងសន្តិសុខ សុវត្ថិភាព ដូចជា អំពើចោរលួច ឆក់ ប្លន់… ពោលគឺ ឧស្សាហ៍កើតមានចោរលួច ហើយសមត្ថកិច្ចហាក់ដូចជាពុំសូវមានប្រសិទ្ធភាពក្នុងការបង្ក្រាប។

ជាក់ស្ដែង កាលពីសប្ដាហ៍មុន ក្នុងខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមចោរថ្លើមធំ ដល់ថ្នាក់ខ្សែភ្លើងកំពុងមានចរន្ត ក៏ហ៊ានឡើងទៅលួចកាត់លើបង្គោលភ្លើងប្រមូលយកទៅលក់ដែរ, ហេតុការណ៍នេះកើតឡើងអំឡុងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១:០០ ទៅ ម៉ោង២:០០ រំលងអធ្រាត្រ ខាងក្រោយវត្តនន្ទមុនី ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ , ហើយបើទោះបីព្រឹកឡើង ប្រជាពលរដ្ឋបានដឹង និងឃើញខ្សែភ្លើងលើបង្គោល ត្រូវបានក្រុមចោរលួចកាត់យកទៅលក់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យដ៏ដោយ ក៏មិនឃើញសមត្ថកិច្ចតាមស្វែងរកស្រាវជ្រាវចាប់ខ្លួនក្រុមចោរ យកមកអនុវត្តតាមច្បាប់បាននោះដែរ។

ក្នុងន័យនេះ ប្រជាពលរដ្ឋបញ្ជាក់ថាមិនដឹងថា សមត្ថកិច្ចបង្ក្រាបក្រុមចោរមិនចេះអស់ ឬក៏មិនបានបង្ក្រាបនោះទេ ទើបធ្វើឲ្យក្រុមចោរមានទឹកចិត្តនៅតែប្រព្រឹត្តអំពើចោរកម្ម លួច ឆក់ ប្លន់ ដដែលជាដដែល !? ត្រង់ភាពអសកម្មនេះហើយ បង្ហាញឲ្យឃើញថា សមត្ថកិច្ចមូលដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ២ ក្នុងខណ្ឌមានជ័យ មានភាពកម្សោយខ្លាំងណាស់ ជាពិសេស បង្រ្កាបចោរលួចឆក់ប្លន់ ដើម្បីផ្ដល់សេចក្ដីសុខ ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋមិនបាន។

ប្រជាពលរដ្ឋសំណូមពរថា សូមឲ្យសមត្ថកិច្ចក្នុងទឹកដីខណ្ឌមានជ័យ បង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ ការអនុវត្តបង្ក្រាបបទល្មើសតាមមូលដ្ឋាន ឲ្យបានកាន់តែខ្លាំងក្លាថែមទៀតផង កុំឱ្យមានចោរលួចច្រើនយ៉ាងនេះក្នុងប្លុកភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យ២ សូម្បីតែខ្សែភ្លើងនៅលើបង្គោលកំពុងមានចរន្ត ក៏ក្រុមចោរហ៊ានឡើងទៅលួចកាត់យកផងដែរ បែបនេះ វាដូចជាផ្គើនប្រជាពលរដ្ឋ និងសមត្ថកិច្ចពេកហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×