Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារសន្តិសុខឯកជន ត្រូវមានសមត្ថភាព ការយល់ដឹង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន វិស័យសន្តិសុខឯកជន មានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន, វិស័យសន្តិសុខឯកជនេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ។

ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣២ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីខកខានអស់មួយរយៈដោយសារការរីករាលដាលជំងឺកូវីដ-១៩នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជំនួសមុខឲ្យភ្នាក់ងារសន្ដិសុខឯកជន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ហើយឲ្យភ្នាក់ងារសន្ដិសុខឯកជន ក៏ដូចជាប្រជាពលរដ្ឋបានទទួលនូវការចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ឬដូសទី៣ ថែមទៀតផង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងបែបនេះថា ដោយសារបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំជំនួយ និងបញ្ជាទិញនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈភាគីមិត្ត និងយន្តការកូវ៉ាក់ ក៏បានជំនួយជាបន្តបន្ទាប់ និងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណ៩៥ភាគរយ គិតចាប់ពីក្មេងអាយុ៥ឆ្នាំឡើងទៅ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន នៅក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ពិសេសនៅពេលបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលពេលនោះភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការបន្ទាន់ផ្សេងៗរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការបិទខ្ទប់ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ភ្នាក់ងារសន្ដិសុខឯកជន ដែលប្រចាំការនៅតាមគោលដៅផ្សេងៗ ក៏នៅតែបន្ដចូលរួមអនុវត្តបានយ៉ាងត្រឹមត្រូវថែមទៀត នូវវិធានការសុខាភិបាល ពិសេសការចាំបាច់វាស់កម្ដៅ និងបា.ញ់អាល់កុលជាដើម នៅពេលប្រជាពលរដ្ឋចេញចូលទីតាំងណាមួយ ដែលខ្លួនកំពុងតែបំពេញការងារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានសង្កត់ធ្ងន់ថា វិស័យសន្តិសុខឯកជនមានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន វិស័យសន្តិសុខឯកជនេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។

ឯកឧត្តមប្រធាននាយកដ្ឋានរូបនេះ ក៏បានបង្ហាញនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសភ្នាក់ងារសន្តិសុខឯកជន បានចូលរួមការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវិដ-១៩ តាមបណ្តាគោលដៅសំខាន់ៗកន្លងមក។

សូមជម្រាបថា កាលពីមិនទាន់មានជំងឺកូវីដ-១៩ រីករាលដាល នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺតែងតែបើកនូវវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ជារៀងរាល់ខែយ៉ាងទៀងទាត់ ប៉ុន្ដែក៏ត្រូវផ្អាកមួយរយៈទៅវិញ ដោយសារជំងឺកូវីដ-១៩ ហើយបច្ចុប្បន្ននេះក៏ចាប់ផ្ដើមដំណើរការឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×