Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ៖ មន្ត្រីនគរបាលយុត្តិធម៌ ជាមន្ត្រីអនុវត្តន៍ច្បាប់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ស្របតាមនីតិវិធីព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ពាក់ព័ន្ធ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានលើកឡើងថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ជាមន្ត្រីអនុវត្តន៍ច្បាប់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍ច្បាប់ ស្របទៅតាមនីតិវិធីព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ពាក់ព័ន្ធ ដែលស្ថិតនៅក្នុងតួនាទីភារកិច្ចរបស់ខ្លួន។

ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីនីតិវិធីស៊ើបអង្កេត ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះ ក៏មានការចូលរួមពី លោក អេរិច មេឌ្រឹម នាយកផ្នែកស៊ើបអង្កេត អង្គការមេត្រីអន្តរជាតិ ,ក្រុមការងារគ្រូបង្គោលរបស់អង្គការមេត្រីអន្តរជាតិ ,ក្រុមការងារគ្រូបង្គោលរបស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន , លោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានមានប្រសាសន៍ទៀតថា ការលើកកម្ពស់សមត្ថភាព ការចែករំលែកចំណេះដឹង និងការដុះខាត់ គឺជារឿងចាំបាច់ណាស់សម្រាប់សិក្ខាកាមទាំងអស់គ្នា ដែលត្រូវធ្វើជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការដោះស្រាយបញ្ហាដែលបានកើតមានឡើង ចំពោះប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមបានសង្កត់ធ្ងន់ដូច្នេះថា ៖ វគ្គបណ្តុះបណ្តាលនេះ នគរបាលនារី នៅក្នុងតួនាទី ភារកិច្ចប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក៏ដូចជាទម្រង់ផ្សេងទៀត នៃអំពើជួញដូរមនុស្ស ព្រមទាំងអំពើហិង្សាលើស្រ្តីនិងកុមារ និងការរំលោភសេពសន្ទវៈ អំពើហិង្សាក្នុងគ្រួសារ គឺត្រូវការនគរបាលជានារី ដើម្បីយល់ដឹងក្នុងការសម្ភាសន៍ ក្នុងការបំភ្លឺ ទាំងជនរងគ្រោះ ទាំងសាក្សី និងជនសង្ស័យផងដែរ។ ព្រោះនគរបាលជានារី ត្រូវចូលរួមពាក់ព័ន្ធទៅនឹងជនរងគ្រោះជាស្រ្តី ជាកុមារី និងជនសង្ស័យជាស្រី្ត ដែលយើងចាំបាច់ណាស់ក្នុងការយល់ដឹង ធ្វើការសម្ភាសន៍ បំភ្លឺ និងស្ដាប់ចម្លើយ ព្រោះថាយើងមិនអាចខ្វះនគរបាលជានារីបានទេ ព្រោះនគរបាលនារី គឺជាឆ្អឹងខ្នង និងជាអ្នកគាំទ្រដល់កិច្ចការនគរបាលបុរស ព្រោះបើគ្មាននគរបាលជានារីទេ ការសម្ភាសន៍ ការបំភ្លឺ និងស្ដាប់ចម្លើយមិនបានល្អនោះទេ។

ឯកឧត្តមបានបន្តថា ជាការពិតណាស់ក្នុងដំណាក់កាលការរីករាលដាលវិបត្តិជំងឺកូវីដ-១៩ ជាង២ឆ្នាំកន្លងទៅនេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខកខានមិនបានបណ្ដុះបណ្ដាល រហូតមកដល់ពេលនេះ ទើបតែថ្ងៃនេះត្រូវបានបន្តវគ្គបណ្ដុះបណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះអង្គការមេត្រីអន្តរជាតិ រួមទាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលបានសហការគ្នារៀបចំវគ្គសិក្សានេះ ។ ជាពិសេស សូមកោតសរសើរ និងអរគុណចំពោះ លោក អេរិច មេឌ្រឹម ដែលជានិច្ចកាលតែងតែ ធ្វើកិច្ចសហប្រតិ្តការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសជាមួយ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងក្រុមគ្រូបង្គោល ដែលបានចំណាយពេលវេលា ចែករំលែកចំណេះដឹងដល់សិក្ខាកាម ដើម្បីបទពិសោធន៍ក្នុងការអនុវត្តច្បាប់ រួមចំណែកលើកកម្ពស់សកម្មភាពការពារសិទ្ធិ និងផលប្រយោជន៍ស្រ្តី និងកុមារ ។

គួរបញ្ជាក់ផងដែរថា ៖ វគ្គបណ្តុះបណ្តាល ស្ដីពីនីតិវិធីស៊ើបអង្កេត ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ មានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ (នគរបាលនារីចំនួន១៦នាក់) ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×