ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតមានឡើងទាំងកណ្តាលរាត្រី ខណៈដែលគេបានឃើញអណ្តាតភ្លើង បានឆេះឡើងចេញពីក្នុងផ្ទះវីឡាឈើ ដ៏ស្កឹមស្កៃមួយខ្នង ហើយក្នុងហេតុការណ៍នេះ គេក៏បានឃើញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមដែរ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីរាត្រីឆ្លងចូលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២និង១០នាទីនៅក្នុងបុរី សាន់វ៉េ ចំណុចផ្ទះវីឡាលេខ M61 ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកបម្រើនៅក្នុងផ្ទះវីឡាខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បួន ប្រាំនាក់ រួមទាំងម្ចាស់ផ្ទះប៉ុន្មាននាក់ទៀត កំពុងដេកនៅក្នុងផ្ទះជាន់ខាងលើ លង់លក់យ៉ាងស្កប់ស្កល់។ លុះដល់វេលាកើតហេតុ ស្រាប់តែមានធុំក្លិនឈ្ងៀម និងមានផ្សែងហ៊ុយចេញមកពីបន្ទប់ទទួលភ្ញៀវនៅជានផ្ទាល់ដី ទើបគាត់រត់ចុះមកមើល ស្រាប់តែឃើញអណ្តាតភ្លើងកំពុងឆាបឆេះទូតាំងយ៉ាងសន្ធោសន្ធៅ ហើយគាត់ក៏ស្រែឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសន្តិសុខ ដែលយាមនៅក្នុងបុរី នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទាំងតូចធំទៅជួយបាញ់ពន្លត់អស់ចំនួន១៥បំពង់ តែមិនរលត់ ហើយក៏បង្កឲ្យឆេះរាលដាលកាន់តែខ្លាំងឡើង រហូតដល់បន្ទប់ផ្ទះបាយខាងក្រោយបន្តថែមទៀត។ ភ្លាមៗនោះ ក៏មានអ្នកឃើញហេតុការណ៍ បានទាក់ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍។ បន្តិចក្រោមមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកចំនួន៦គ្រឿង ដោយបានធ្វើការបាញ់ពន្លត់អស់ចំនួន៣គ្រឿង និងបានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រថ្ងៃដដែល។
មន្ត្រីប៉ូលិសការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយរថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ទាំង៤ស៊ីទែន។ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីអគ្គិភ័យនេះ មិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គឺគ្រាន់តែខូចខាតឆេះបន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្ទះបាយ រួមទាំងសម្ភារៈមួយចំនួននៅជាន់ផ្ទាល់ដីតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា វីឡាឈើដ៏ស្កឹមស្កៃនេះ មានទំហំ៦គុណនិង ១២ម៉ែត្រដែលជាកម្មសិទ្ធិរបស់ ឈ្មោះ ប៉ុន ទាង ភេទស្រី អាយុ៤០ឆ្នាំ មុខរបររកស៊ី លក់ដូរ ហើយចំពោះមូលហេតុនៃការឆាបឆេះ បើសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូង ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕ ដោយ៖បញ្ញាស័ក្តិ