Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករមូលបត្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា រួមគ្នាផ្សព្វផ្សាយស្ដីពី “ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា”

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី២៧ ខែធ្នូ ឆ្នាំ២០២១ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” នៅទីស្តីការ ន.ម.ក. និងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាននានា ដែលមានស្រាប់នៅក្នុងទីផ្សារ ដូចជាការបោះផ្សាយលក់មូលបត្រជាសាធារណៈ ការបោះផ្សាយលក់មូលបត្រជាឯកជន តាមរយៈប្រភពធនាគារ ក៏ដូចជាការវិនិយោគពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ព្រមទាំងការជួយគាំទ្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និង ន.ម.ក. សម្រាប់ក្រុមហ៊ុនដែលមានបំណង ជ្រើសរើសហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងជា ៣វគ្គ រួមមាន៖ វគ្គទី១ វឌ្ឍនភាពទីផ្សារមូលបត្រ វគ្គទី២ កិច្ចពិភាក្សា’ជម្រើសហិរញ្ញប្បទាន និងការគ្រប់គ្រងសាច់ប្រាក់ដែលលើសរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” និង វគ្គទី៣ ការចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ដែលជាក្រុមហ៊ុនទីមួយចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើទីផ្សារកំណើន។

សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងម្ចាស់ក្រុមហ៊ុន/សហគ្រាសនៅកម្ពុជា។ វាគ្មិនកិត្តិយសនៃសិក្ខាសាលានាព្រឹកនេះ គឺជាអ្នកជំនាញក្នុងវិស័យមូលបត្ររួមមាន ន.ម.ក., ផ.ម.ក.,ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក, ក្រុមហ៊ុន ប៊ី ខេភីថល ភីអិលស៊ី, ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ភីអិលស៊ី, និងក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×