ភ្នំពេញ ៖ មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ បានចោទប្រកាន់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមន្ត្រីមួយចំនួនឃុបឃិត ជាមួយក្រុមឈ្មួញធំៗ ក្នុងការបើកដៃឲ្យនាំទំនិញចូល ពីប្រទេសថៃ តាមច្រកព្រំដែនស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំឡូត និងស្រុកសំពៅលូន ខេត្តបាត់ដំបង គឺបង់ពន្ធមិនដល់ ៥០ភាគរយនោះទេ។
ក្រៅពីនេះក្រុមឈ្មួញឃុបឃិត បែងចែកផលប្រយោជន៍ ជាមួយមេៗគយ តាមច្រកព្រំដែន ព្រោះមានការបើកដៃ ពីសំណាក់លោក យូ ហេង។ សូម្បីតែទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញខូចគុណភាព ឬទំនិញជាប្រភេទចំណីអាហារ មានផ្ទុកសារធាតុគីមី ក៏ឈ្មួញអាចនាំចូល តាមច្រកព្រមដែន ក្នុងខេត្តបាត់ដំបង ដោយរលូនគ្មានការទប់ស្កាត់ និងបង្ក្រាបនោះទេ។

ប្រភពដដែលបានបន្តថា លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានយកជំនាញខាងពុករលួយ កាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងតួនាទី ជាប្រធានសាខាគយខេត្តបាត់ដំបង ដោយមិនខ្លាចញញើតនឹងច្បាប់។ ចំណែកលោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងលោក អ៊ូ ហៃ អនុប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិដូង ទទួលបន្ទុកពិនិត្យឯកសារ ឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយដែរ គឺដោយសារតែអាងលោក យូ ហេង។

ជាមួយគ្នានេះ មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន បានស្នើសូមឲ្យឯកឧត្តមគុណ ញឹម និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ចាត់មន្ត្រីចុះមកធ្វើការត្រួតពិនិត្យ មើលករណីនេះផង កុំឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងបក្ខពួកមួយចំនួន ឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតាមចិត្តនោះ។ ពីព្រោះទង្វើរបស់លោក យូ ហេង បានធ្វើឲ្យមន្ត្រីគយមួយចំនួន និងសមត្ថកិច្ចពាក់ព័ន្ធខ្លះមិនពេញចិត្តនោះទេ ជាពិសេសធ្វើឲ្យបាត់បង់ ចំណូលជាច្រើន។
ទាក់ទងករណីខាងលើនេះ លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង មិនអាចសុំការអត្ថាធិប្បាយបានទេ៕
រក្សាសិទ្ធិដោយ ៖ ចេស្តារ


