Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជនចូលក្នុង មណ្ឌលប្រឡងព្រឹកថ្ងៃ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី២ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។

សូមរំលឹកថា ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានបញ្ចប់ ទៅដោយជោគជ័យ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជន បានគោរពតាមបទប្បញ្ញត្តិ ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានថ្ងៃនេះមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣,៧ %។ សម្រាប់ការប្រឡងនាថ្ងៃទី១នេះ ថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមបានប្រឡងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បេក្ខជនអនុវត្តតាមបទប្បញ្ញត្តិ វិធានសុខភាពនិងសុវត្ថិភាព និងសេចក្ដីណែនាំប្រតិបត្តិនានា របស់ក្រសួងអប់រំ យុវជន និងកីឡា គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ។ បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុកដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនមានបញ្ហាសុខភាព ចំនួន ២៩ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន២០នាក់។ បេក្ខជនដែលមានបញ្ហាសុខភាព និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងដំណើរការប្រឡងនាថ្ងៃទី១ នេះក៏មានគណៈមេប្រយោគចំនួន២នាក់ ផងដែរដែលមានបញ្ហាសុខភាព ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់គណៈមេប្រយោគ គណៈកម្មាការ ក្រសួងស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី ក្រសួងសុខាភិបាល កងកម្លាំង អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មាតាបិតា ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលចូលរួម បំពេញតួនាទី និងគោរពទៅតាមបទប្បញ្ញត្តិបានល្អ ធ្វើឲ្យដំណើរការប្រឡងថ្ងៃទី១ បញ្ចប់ទៅដោយភាពរលូន និងជោគជ័យ។

ការរៀបចំទុកដាក់ និងវេចខ្ចប់សន្លឹកកិច្ចការរបស់ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡង ត្រូវបានរៀបចំវេចខ្ចប់ ចុះហត្ថលេខា និងបិទស្កុត យ៉ាងហ្មត់ចត់ បន្ទាប់ពីដំណើរការសំណេរនៅថ្ងៃទី១ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ត្រូវបានបញ្ចប់ ក្រោមការបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល និងការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបានយកទៅផ្ញើនៅកន្លែង ដែលមានសុវត្ថិភាពបំផុតនៅតាមសាលារដ្ឋបាលស្រុក-ខេត្ត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×