ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក fordranger មួយគ្រឿង ក្នុងល្បឿនលឿនទាំងបំពានស្តុប ជ្រុលទៅបុ.ករថយន្តស៊េរីទំនើប កំពុងបើកឆ្លងផ្លូវ រួចរេចង្កូតទៅបុ.កម៉ូតូ២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃចន្ទ ទី ២៧ ខែធ្នូឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BI-9092 បើកបរតាមបណ្ដោយផ្លូវ ២១៤ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងស្តុកខៀវ បើកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក ford ranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-8603 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន បើកទាំងបំពានស្តុប បានជ្រុលទៅបុករថយន្តស៊េរីទំនើប ចំពីចំហៀងស្តាំខាងក្រោយ រងការខូចខាតរួចបន្តទៅបុ.កម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្ក បានព្យាយាមដើររត់គេច តែត្រូវសមត្ថកិច្ចតាមឃាត់បាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា តែមិនត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែង យករថយន្តពីរគ្រឿង និងម៉ូតូ ២ គ្រឿងទៀត ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





