Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចប្រធានព្រឹទ្ធសភា ស្នើឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មី​ យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងប្រទេសសាមី ឱ្យបានរឹងមាំ និងខ្លាំងក្លា

ភ្នំពេញ ៖ សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មី ចំនួន០៣រូប , សម្តេចប្រធាន បានស្នើសូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសសាមី ឱ្យបានរឹងមាំ និងខ្លាំងក្លា ដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីប្រចំាប្រទេសនានាចំនួន០៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច។ សមាសភាពឯកអគ្គរាជទូតថ្មីទាំង០៣រូប រួមមាន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋហ្វីលីពីន។

នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ទាំង០៣រូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំប្រទេសទាំង០៣។ ក្នុងអាណត្តិបំពេញបេសកកម្មការទូតនេះ សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើចំពោះឯកឧត្តមទាំង០៣រូប ត្រូវយកចិត្តទុកដាក់ដូចតទៅ៖

-សូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសសាមី ឱ្យបានរឹងមាំ និងខ្លាំងក្លា ដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

-ក្តាប់ជាប់គ្រប់សភាពការណ៍របស់ប្រទេសជាតិយើង ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមានការពាក់ព័ន្ធនឹង ប្រទេសជាតិយើង សំដៅ និងបង្កលក្ខណងាយស្រួលសម្រាប់យើង ក្នុងការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេសដែលឯកឧត្តមធ្វើជាឯកអគ្គរាជទូត ។

-សូមយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើងនៅប្រទេស ដែលឯកឧត្តមធ្វើជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់នោះ មកដល់ប្រទេសជាតិយើងវិញ ដើម្បីជ្រាប ឬក៏ដើម្បីយើងមានគោលការណ៍ និងវិធានការជាការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសទាំងអស់នោះ។

-សូមខិតខំប្រឹងប្រែងឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស…។ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាគុណប្រយោជន៍ប្រទេសកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះ សូមឯកឧត្តមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើនយោបាយការទូត ជាមួយនឹងបណ្តាប្រទេសទាំងអស់ ទាំងក្របខណ្ឌទ្វេភាគី ទាំងពហុភាគី ព្រមទាំងជាមួយស្ថាប័នអន្តរជាតិនានាផងដែរ ហើយត្រូវគិតគូរពិចារណាឱ្យបានម៉ត់ចត់ ជាពិសេសមុនធ្វើអ្វីមួយ ត្រូវមានការរាយការណ៍សុំយោបល់ ណែនាំពីក្រសួងអាណាព្យាបាល ឬពីរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។

ក្នុងនាមឯកអគ្គរាជទូតទាំង០៣រូប ឯកឧត្តម ទុយ រី បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយ នូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំន សហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញ ជំនួយនៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរឱ្យមកកម្ពុជា កាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×