ស្ត្រីអាយុ២២ឆ្នាំម្នាក់ រស់នៅក្នុង Xihu, Hangzhou (ចិន) បានធ្វើឲ្យអ្នកលេងអ៊ីនធើរណេតជាច្រើន មានការអាណិតអាសូរជាខ្លាំង នៅពេលដឹងកាលពីពេលថ្មីៗនេះ នាងបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ព្រោះតែមិត្តប្រុសរបស់នាងបង្ខំនាងឲ្យរំលូតកូន ២ លើក ក្នុងរយៈពេល ៣ ខែ ។
យោងតាមគេហទំព័រចិន Sydney Today នារីម្នាក់ឈ្មោះថា Li Yingying គឺជាតារាម៉ូឌែលម្នាក់ ដែលមានមិត្តប្រុសបានរយៈពេល ៦ ខែ មកហើយ ។
មិត្តប្រុសរបស់នាងមានឈ្មោះថា Pan Yue បានជួបម្តាយរបស់នាងចំនួនពីរបីដង ខណៈពួកគេនៅតែកំពុងរស់នៅជាមួយគ្នា ។ Pan បានធានាចំពោះមុខម្តាយនាងថា គាត់នឹងមើលថែកូនស្រីរបស់គាត់យ៉ាងល្អ ។ ទោះបី Pan មកពីគ្រួសារអ្នកមានក៏ដោយ តែ Li ក៏បានទទួលបានប្រាក់ខែខ្ពស់យ៉ាងតិច ៥០ ពាន់យ័ន (៧៩៣០ ដុល្លារ) ឯណោះ ក្នុង១ខែ ។
ទោះយ៉ាងណា មិនយូរប៉ុន្មាន Li បានរកឃើថា នាងមានផ្ទៃពោះជាមួយ Pan ហើយនាងបានប្រាប់គាត់អំពីរឿងនេះ ។
ជំនួយឲ្យការទទួលខុសត្រូវក្នុងនាមជាបុរស គាត់បានបញ្ចុះបញ្ចូលនាងឲ្យទៅយកកូនចេញ ដោយនិយាយថា ពួកគេនៅតែមានវ័យក្មេងណាស់ ពុំអាចមានកូនបានទេ ទោះបី Li ពិតជាចង់បានគ្រួសារមួយក៏ដោយ ។ គាត់សូម្បីប្រាប់នាងថា គាត់នឹងរៀបការជាមួយនាង ប្រសិននាងមានផ្ទៃពោះម្តងទៀត ។ មិនយូរប៉ុន្មានក្រោយមក Li បានរំលូតកូននៅថ្ងៃទី៣០ ខែមីនា ប៉ុន្តែ នាងពិតជារន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលរកឃើញថា Pan ពិតជាកំពុងក្បត់ចិត្តនាង ដោយកំពុងមានស្រីផ្សេងជាច្រើនទៀត នៅពេលគាត់បានប្រាប់នាងថា គាត់នឹងទៅធ្វើជំនួញ ។ ដោយអស់សង្ឃឹម នាងក៏បានសម្រេចចិត្តបែកបាក់គ្នាជាមួយគាត់ ប៉ុន្តែ ពិតជាមានការខកចិត្តយ៉ាងខ្លាំង នៅពេលរកឃើញថា នាងមានផ្ទៃពោះម្តងទៀត រយៈពេលពីរបីថ្ងៃ ក្រោយពេលចែកផ្លូវជាមួយ Pan ។
នាងបានប្រាប់គាត់អំពីរឿងនេះម្តងទៀត ប៉ុន្តែ Pan និយាយថា គាត់នឹងមិនរៀបការជាមួយនាងទេ (ថ្វីបើបានសន្យាធ្វើពីមុនក៏ដោយ) និងគ្រាន់តែអាចចេញលុយសងជំងឺចិត្តដល់នាងតែប៉ុណ្ណោះ សម្រាប់ការបាត់បង់ជំនឿចិត្តរបស់នាង ។ នាងមានផ្ទៃពោះម្តងទៀតនេះ សូម្បីមិនទាន់បាន៣ខែ ចាប់តាំងពីនាងរំលូតកូនចុងក្រោយ ហេតុដូច្នេះ Li មិនចង់ធ្វើតាមផ្លូវដដែលនេះទៀតឡើយ ។ បន្ទាប់ពីស្ត្រេសផ្លូវចិត្តកាន់តែខ្លាំងឡើងៗ Li មិនអាចទទួលយកសម្ពាធផ្លូវចិត្តនេះបានតទៅទៀតឡើយ ហើយនាងក៏បានសម្រេចចិត្តធ្វើអត្តឃាត ដោយដុតសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះរបស់នាងតែម្តង ។ នៅពេលប៉ូលីសមកដល់ Li ត្រូវបានរកឃើញស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធមទៅហើយ ៕ ចន្ទី