ភ្នំពេញ ៖សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានបើកសវនាការប្រកាសសាលដីកាលើ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការខេត្តតាកែវ កាត់ទោស ដាក់គុក កំណត់១១ ឆ្នាំ ជាប់ពាក់ព័ន្ធការ ឃាត.កម្ម ដោយច្របាច់នារីរងគ្រោះម្នាក់ ដែលត្រូវជាគូស្នេហា បណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅក្នុងផ្ទះសំណាក់ (ប៉ាអ៊ី ម៉ាក់អ៊ី) បន្ទាប់លេខ ២០៤ នៅភូមិស្នោរ សង្កាត់ រកាក្នុង ក្រុងដូនតាកែវ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ខែ មីនា ឆ្នាំ ២០១៩។
តុលាការឧទ្ធរណ៍ បានសម្តេចតម្កល់សេចក្តីសម្រេច របស់តុលាការដំបូងខេត្តតាកែវ រក្សាទុក ជាបានការដដែល និង តម្កល់ទណ្ឌ.កម្មរបស់ ជនជាប់ចោទ ឲ្យជាប់ពន្ធនាគារ កំណត់ ១១ ឆ្នាំ ដដែល តែបើកផ្លូវឱ្យប្តឹងសាទុក្ខទៅ កាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោក ប្លង់ សំណាង់ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សុខ ចាន់លីដា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ អ្នកលក់ទូរស័ព្ទ ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឃិន ចន្តា ភេទ ស្រី អាយុ ២១ឆ្នាំ មុខរបរជានារីបម្រើស្រាបៀរ ក្នុងហាងខារ៉ាអូខេ យីហោ “ជុំមិត្ត” មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ សុខ ចាន់លីដា ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ៤ ខែ មិនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១១ ឆ្នាំ និង បង្គាប់ឲ្យសងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ៥ លានរៀល ។
តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម មកកាន់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។
ជនជាប់ចោទ ឈ្មោះ សុខ ចាន់លីដា ត្រូវបានជាប់ចោទពីបទ« ឃាត.កម្ម » តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ ” ប៉ាអ៊ី ម៉ាក់អ៊ី ” បន្ទប់លេខ ២០៤ នៅភូមិស្នោរ សង្កាត់ រកាក្នុង ក្រុងដូនតាកែវ ខេត្ត តាកែវ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

