មីយ៉ាន់ម៉ាកាលពីសប្តាហ៍មុនបានក្លាយទៅជាម្ចាស់នាវាមុជទឹកមួយគ្រឿងពីប្រទេសចិន នៅក្នុងពិធីមួយនាទីក្រុងយ៉ាំងហ្គោន ក្រោមអធិបតីភាពមេដឹកនាំរដ្ឋប្រហារឧត្តមសេនីយ Min Aung Hlaing ។ ក្នុងពិធីដាក់ឱ្យប្រើប្រាស់នោះ ត្រូវបានកំណត់ធ្វើឡើងឱ្យចំជាមួយនឹងខួបលើកទី៧៤នៃការបង្កើតកងទ័ពជើងទឹកមីយ៉ាន់ម៉ា ។
មានឈ្មោះថា Min Ye Kyaw Htin នាវាមុជទឹកអគ្គិសនីដើរដោយម៉ាស៊ូតប្រភេទ Ming-class Type 035 គឺមានគោលបំណងសម្រាប់បម្រើដល់មុខងារចំនួនពីរ ទី១គឺជានាវាមុជទឹកវាយប្រហារ stopgap និងទី២ គឺជានាវាហ្វឹកហាត់ដល់កងទ័ពជើងទឹក។ ខណៈ ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដ៏សំខាន់មួយដល់កងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា រួមទាំងយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកផងដែរ ហើយមីយ៉ាន់ម៉ាក៏បានទិញយន្តហោះចម្បាំងទំនើបៗពីរុស្ស៊ី និងប៉ាគីស្ថានផងដែរ។
ហើយមែនទែនទៅ សញ្ញាបន្ថែមនៃការគាំទ្រពីសំណាក់ប្រទេសចិនមកលើរបបយោធានេះ គឺដូចជាមិនមានការងឿងឆ្ងល់ពីពលរដ្ឋមីយ៉ាន់ម៉ាដែលបានតវ៉ាចំពោះការបរាជ័យរបស់ទីក្រុងប៉េកាំង ក្នុងការថ្កោលទោសការកាន់កាប់របស់យោធាកាលពីថ្ងៃទី១ ខែកុម្ភៈនោះទេ។ជាក់ស្តែង ការតវ៉ាប្រឆាំងនឹងចិន ជាលក្ខណៈទ្រង់ទ្រាយធំ ត្រូវបានផ្ទុះឡើងនៅទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតបន្ទាប់ពីការធ្វើរដ្ឋប្រហាររបស់ក្រុមយោធា ហើយរោងចក្រមួយចំនួនដែលគាំទ្រដោយប្រទេសចិនចំនួន១៣ ទៅ១៤កន្លែងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានខូចខាត ឬភ្លើងឆេះផងដែរ។
បន្ថែមពីនេះ ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមសិក្សាពីលទ្ធភាពនៃការទិញនាវាមុជទឹកកាលពីឆ្នាំ២០០៥ ហើយពីរឆ្នាំក្រោយមក មីយ៉ាន់ម៉ាក៏បានបញ្ជូនមន្ត្រីកងទ័ពជើងទឹកទៅកាន់ប្រទេសជាមិត្តរបស់ខ្លួន ដែលកាន់អំណាចនាពេលនោះ រួមទាំងប្រទេសឥណ្ឌា ដើម្បីធ្វើការហ្វឹកហ្វឺនផងដែរ។
សូមជម្រាបថា កិច្ចព្រមព្រៀងទិញនាវាមុជទឹក Ming-classនេះ ត្រូវបានសម្រេចដោយសម្ងាត់ជាមួយទីក្រុងប៉េកាំងកាលពីឆ្នាំមុន ហើយនាពេលកន្លងមក ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេជឿថា បានច្រានចោលនូវលក្ខខណ្ឌរបស់ចិន ដែលការថែទាំនាវាដែលខ្លួនផ្តល់ត្រូវជាអ្នកបច្ចេកទេសជនជាតិចិន។ ប៉ុន្តែជាក់ស្តែង គេនៅមិនច្បាស់ទេថា តើលក្ខខណ្ឌនេះនៅតែបន្តមកទល់ពេលនេះរឺយ៉ាងណា។ ប្រភព៖ The irrawaddy