ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ថ្លែងថា ពេលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានប្រដៅទៅលើ ទណ្ឌិត សម រង្ស៉ី ដែលនេះ គឺជាអ្វីមួយដែលមើលឃើញថាមនុស្សចាស់ពាល កាន់តែដើរផ្លូវខុសជ្រៅទៅៗ ហើយមិនដែលហ៊ានទទួលខុសត្រូវនោះ ក៏ប្រដៅឱ្យងាកមកចូលក្នុងផ្លូវត្រឹមត្រូវវិញ។
ការបញ្ចេញសាររបស់ សម្តេចតេជោ ហ៊ុនសែន ទៅកាន់ ទណ្ឌិត សម រង្ស៊ី នេះ ធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីសារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសារមួយមុននេះ បបួលទណ្ឌិត សម រង្ស៉ី ភ្នាល់អំពីភាពស្អាតស្អំលើ សញ្ញាបត្របណ្ឌិត្យសភាយោធាអាមេរិក West Point ។ សម្តេចតេជោ ហ៊ុន សែន បានហៅសាររបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ថា ជាការប្រដៅទៅលើទណ្ឌិត សម រង្ស៉ី ឬដូចជា កូនក្របីជល់ជាមួយក្របីចាស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើសាររបស់សម្ដេចបញ្ជាក់ថា «ស្តាប់ក្មេងប្រដៅចាស់ពាល ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់, បើខឹងកុំលេង បើលេងកុំខឹង ! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា បានចេញសារមួយតបទៅនឹងទណ្ឌិត សម រង្ស៉ី អ្នកនយោបាយបរាជ័យតជំនាន់ ដែលបានព្យាយាមវាយប្រហារម្តងហើយម្តងទៀតលើកម្រិតសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point ថា មិនមានសក្ដានុពលត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់គ្នាដោយយកតំណែងបេក្ខភាព នាយករដ្ឋមន្ត្រីអនាគត របស់លោកមកភ្នាល់តែម្តង។ លក្ខខណ្ឌនៃការភ្នាល់នោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យទណ្ឌិត សម រង្ស៉ី ស្វែងរកការបញ្ជាក់ពីសាលា West Point ក៏ដូចជាសាកលវិទ្យាល័យញូវយ៉ក (New York University) និងសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) ថា កាលនៅរៀនទីនោះ លោកគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យលោក ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់…? ប្រសិនបើដូច្នោះមែន លោកនឹងលាលែង ពីតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត មកពីគណបក្សប្រជាជនកម្ពុជាភ្លាម។

ផ្ទុយទៅវិញបើ ទណ្ឌិត សម រង្ស៉ី មិនអាចរកការបញ្ជាក់ពីសាលាទាំង៣នេះបានទេ ឯកឧត្តម ហ៊ុន ម៉ាណែត ទាមទារឱ្យទណ្ឌិត សម រង្ស៉ី លាឈប់ពីសង្វៀននយោបាយតែម្ដងទៅ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានហៅថា ការចេញមកបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់បញ្ជាក់ពីកម្រិតគុណភាពសញ្ញាបត្រនេះ គឺដើម្បីការពារការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោក ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀត របស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសាកលលោក។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរលើសាររបស់លោកឆ្លើយតបទៅនឹងការប្រមាថរបស់ ទណ្ឌិតសម រង្ស៊ី ថា អ្វីដែលខ្ញុំស្មានមិនដល់នោះ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាបត្រ «ប្រភេទ២» ឬ «សញ្ញាប័ត្រយោគយល់» ដដែលៗ ហើយព្រមទាំងវាយប្រហារមាក់ងាយទៅ លើនិស្សិតខ្មែរជាច្រើននាក់ទៀត ដែលរៀននៅក្រៅប្រទេស ដោយថា សាកលវិទ្យាល័យបរទេស ផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ឱ្យនិស្សិតទាំងនោះ, ប៉ុន្តែអ្នកនយោបាយចាស់វស្សាសម្បូរល្បិច ទណ្ឌិត សម រង្ស៊ី រូបនេះ មិនដែលហ៊ានចេញមុខទទួលខុសត្រូវ ចំពោះការលើកឡើងរបស់ខ្លួននោះទេ, ជាក់ស្ដែង ដូចជាការបបួលភ្នាល់របស់ខ្ញុំលើកនេះជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


