រដ្ឋធានីហាណូយ ៖ ក្រុមហ៊ុនផលិតរថយន្ដ VinFast របស់ប្រទេសវៀតណាម បានប្រកាសពីការដាក់លក់ រថយន្ដអគ្គិសនីផលិតក្នុងស្រុក ជាលើកដំបូង នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយរថយន្តអគ្គិសនីនោះ មានតម្លៃ ៣០ ២០០ដុល្លារក្នុងមួយគ្រឿង ដោយវាអាចបើកបរ ក្នុងចម្ងាយផ្លូវ៣០០គីឡូម៉ែត្រ ទើបសាកភ្លើងអគ្គិសនីម្តង។

សារព័ត៌មាន Shareandstocks បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ថា ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast បានចាប់ផ្តើម ប្រកាសលក់រថយន្តអគ្គិសនីរបស់ខ្លួន ជាលើកដំបូង នៅក្នុងប្រទេសនេះ។ VinFast ក្លាយជាក្រុមហ៊ុនរថយន្តប្រើប្រាស់ អគ្គិសនីដ៏ធំដំបូងផលិតក្នុងស្រុក ត្រូវដាក់ឲ្យដំណើរការលក់ នៅវៀតណាម។
ក្រុមហ៊ុន VinFast ជាសាខា នៃក្រុមហ៊ុន Vingroup ដ៏ធំបំផុតរបស់វៀតណាម នឹងលក់រថយន្តអគ្គិសនី ប្រហែល១០០គ្រឿង ជូនដល់អតិថិជន នៅចុងខែធ្នូ ឆ្នាំ២០២១។ រីឯរថយន្តស្ព័រអគ្គិសនីរបស់ក្រុមហ៊ុននេះ មានតម្លៃ ៣០ ២០០ដុល្លារសហរដ្ឋអាមេរិក។ រថយន្ដអគ្គិសនីប្រភេទនេះ អាចធ្វើដំណើរបាន ក្នុងចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ទើបសាកភ្លើងអគ្គិសនីម្តង។ ក្រុមហ៊ុន VinFast គ្រោងនឹងចែកចាយរថយន្តអគ្គិសនី ចំនួន ២ ០០០ គ្រឿងទៀត នៅក្នុងខែមករា ឆ្នាំ២០២២។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមហ៊ុន VinFast បានបញ្ជាក់ថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញ រថយន្ដអគ្គិសនី សរុបប្រហែល ២៥ ០០០គ្រឿង។ ក្រុមហ៊ុន នឹងដាក់ដំណើរការលក់រថយន្ដអគ្គិសនីរបស់ខ្លួន នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងអំឡុងឆ្នាំ ២0២២ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN


















