ភ្នំពេញ៖ បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានជម្រាបសម្តេចតេជោ ពីកិច្ចសហប្រតិបត្តិការល្អមួយចំនួន រវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឯកឧត្តមទូត ក៏បានប្រកាសថា រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ជំនួយបន្ថែម ១៤៥លានដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ១៩។ ឯកឧត្តម Mikami ជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុន តូយ៉ូតា កំពុងតែរៀបចំស្នើសុំ បង្កើតរោងចក្រគ្រឿងបង្គុំ នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍បំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចុះចតនាវាស្វ័យការពារជើងទឹកនៅកម្ពុជា។ សម្រាប់ខួប ៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព នាឆ្នាំ២០២២ ខាងមុខនេះ សម្តេចតេជោ បានលើកជាគំនិតឱ្យរៀបចំធ្វើខួបនេះ ឲ្យក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន លើវិស័យការពារជាតិ។
នៅព្រឹក ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។

នៅក្នុងឱកាសនោះ ឯកឧត្តម Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ ដែលមានទឹកប្រាក់ប្រមាណជា១៤៥លានដុល្លារសហរដ្ឋអាមេរិក ។ ទាក់ទងទៅនឹងវិស័យការពារជាតិ ឯកឧត្តម Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា នៅកំពង់ផែរាម ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។
ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន ឯកឧត្តម Masahiro Mikami បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យ ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។ ទាក់ទងទៅនឹងវិស័យវិនិយោគវិញ ឯកឧត្តម Mikami បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុន តូយ៉ូតា កំពុងតែរៀបចំស្នើសុំបង្កើតរោងចក្រគ្រឿងបង្គុំនៅក្នុងប្រទេសកម្ពុជា ហើយក៏មានក្រុមហ៊ុនដទៃទៀត កំពុងតែស្នើសុំបង្កើតរោងចក្រផលិតអគ្គិសនី ដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោ លើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណា ជំរុញកំពង់ផែក្រុងព្រះសីហនុ ឲ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជានារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជាការគាំទ្រដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យ នៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
ចំពោះការអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើងទឹករាមនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ។
ទាក់ទងទៅនឹងបំណងមកវិនិយោគរបស់ ក្រុមហ៊ុនតូយ៉ូតា មកកាន់ប្រទេសកម្ពុជា ក៏ដូចជាក្រុមហ៊ុនផលិតអគ្គិសនី និងការគាំទ្រកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងសូមឱ្យបន្តធ្វើការងារនេះ ជាមួយនឹងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ទៀត៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


