Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឡាវ ចប់អាណត្តិ អរគុណកម្ពុជា ដែលបានជួយគំាទ្រ ប្រទេសឡាវ នៅគ្រប់កាលៈទេសៈ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាំផៃ ឃីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលបាននំាមកនូវសមិទ្ធផលយ៉ាងច្រើន និងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។ សម្តេចបានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់ឯកឧត្តមនៅកម្ពុជា ត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ នៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តម អាំផៃ ឃីនដាវង្ស បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ នៅក្នុងការចូលរួមចំណែកដល់បេសកកម្មការទូត របស់ឯកឧត្តម ឱ្យទទួលបានជោគជ័យយ៉ាងធំធេង។ ឯកឧត្តមបានលើកឡើងថាទោះបីនៅក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ បានរាតត្បាត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ជាងបីឆ្នាំនៅកម្ពុជាយ៉ាងណាក្តី តែឯកឧត្តមបានខិតខំជំរុញនិងលើកកម្ពស់ឱ្យមានដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបន្តបន្ទាប់ តាមដែលអាចធ្វើបាន ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិជាព្រពៃណី និងបងប្អូនរវាងប្រទេសនិងប្រជាជន ឱ្យបានកាន់តែមានភាពរឹងមាំឡើងជាលំដាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ ដោយឡែកនៅក្នុងឱកាសដែលជំងឺកូវីដ១៩រាតត្បាតនេះ កម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សំាងនិងសម្ភារៈបរិក្ខាពេទ្យដល់ប្រទេសឡាវផងដែរ ទោះបីកម្ពុជាមានតម្រូវការនិងភាពចំាបាច់នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ យ៉ាងណាក្តី។ ជាពិសេសនៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ មកកម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកា ១៣លានដុល្លារនិងសម្ភារពេទ្យជាច្រើនដល់ប្រទេសឡាវ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហារូបករណ៍ ដល់មន្រ្តីរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា។ ឯកឧត្តម អាំផៃ ឃីនដាវង្ស បានគូសបញ្ជាក់ថា ទោះបីឯកឧត្តមត្រូវចាកចេញពីកម្ពុជាទៅបំពេញភារកិច្ចថ្មីក្តី តែឯកឧត្តមនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ឆ្នាំ២០២២ នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានប្តូរវេនអន្តរសភាអាស៊ាន និងជាប្រធានអាស៊ាន។ សម្តេចសង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីនៅលើឆាកអន្តរជាតិដ៏មានសារៈសំខាន់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាពប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×