ភ្នំពេញ ៖ តុលាការខេត្តកណ្តាលចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធការប្រើហិង្សាទៅលើអ្នកកាប់កាប់ អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ចេញដោយចៅក្រមជំនុំជម្រះ រស់ផុនចាន់និមល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមរម្លឹកថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

យោងតាមលិខិតលេខ ២២១១ ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ ប្រការ១ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ប្រការ២ ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។
ការផ្អាកការងារជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា បានយកឈ្មោះ លោក ម៉ៅ ភិរុណ ទៅគម្រាម មេឃុំរការខ្ពស់ បញ្ជាឲ្យស៊ីញ៉េ រឿងដីបឹងទទឹងថ្ងៃ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន , សំញើញទ្រព្យសម្បត្តិ, ចំណាយលុយឲ្យ អនុរដ្ឋលេខាធិការម្នាក់ រត់ការយកតំណែងជា អគ្គាធិការរង តែទីបំផុត ជនធ្វើការងារខ្វះចំណេះ គ្មានជំនាញ ត្រូវបាន សម្តេច ស ខេង សម្រេចផ្អាកការងារ ជាបណ្តោៈអាសន្ន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

