Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការឆ្លងវីរុសអូមីក្រុង កើនឡើង ធ្វើឲ្យបារាំង រឹតបន្ដឹងកាន់តែខ្លាំង

រដ្ឋធានីប៉ារីស ៖ អាជ្ញាធរបារាំង បានរឹតបន្ដឹងពីវិធានការ ចំពេលមានការព្រួយបារម្ភ អំពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) កំពុងតែមានការកើនឡើងនូវចំនួនអ្នកឆ្លង។

បើតាមសារព័ត៌មាន Adaderana.lk បានចេញផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា បារាំង បានប្រកាសពីវិធានការរឹតបន្ដឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ វិធានការនេះ បានកើតឡើង ចំពេលមានការព្រួយបារម្ភ ជុំវិញករណីវីរុសបំប្លែងខ្លួនថ្មី Omicron ។

បើតាមសេចក្ដីប្រកាសនោះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ការធ្វើការពីចម្ងាយ នឹងក្លាយជាការដាក់កំហិត សម្រាប់អ្នកដែលអាចធ្វើបាន។ ដោយឡែក ការជួបជុំជាសាធារណៈ ក៏នឹងត្រូវបានកំណត់ត្រឹម ២ ០០០នាក់ សម្រាប់ព្រឹត្តិការណ៍ នៅក្នុងលំនៅឋាន។ វិធានការនេះ បានកើតឡើង ក្រោយពេលបារាំងរកឃើញករណីឆ្លងថ្មី ជាង១០០ ០០០នាក់ កាលពីថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។ នេះជាចំនួនឆ្លងថ្មីខ្ពស់បំផុត នៅក្នុងប្រទេសបារាំង ចាប់តាំងពីការផ្ទុះឡើង នៃការរាតត្បាតជំងឺកូវីដ-១៩។

បើតាមការសិក្សាជាច្រើន បានរកឃើញថា ថ្វីបើវីរុសបំប្លែងខ្លួនថ្មី Omicron ឆ្លងលឿនក៏ពិតមែន តែវាស្រាលជាងវីរុស Delta ដោយមានឱកាសតិចជាង ចន្លោះពី៣០-៧០ភាគរយ សម្រាប់អ្នកឆ្លង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្ដែគេនៅតែមានការព្រួយបារម្ភ ពីចំនួនករណីជាច្រើន អាចធ្វើឲ្យមន្ទីរពេទ្យ មិនអាចរាប់រងបាន។

លោក Olivier Véran រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា ការឆ្លងវីរុសកូរ៉ូណា ឬកូវីដ-១៩នេះ កំពុងតែកើនឡើងទ្វេដង ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ ជាមួយគ្នានេះលោករដ្ឋមន្រ្ដីក៏បានព្រមានពីរលក នៃការឆ្លងកាន់តែខ្លាំងឡើង។ ចំណែករដ្ឋាភិបាលក៏បានកាត់បន្ថយ រយៈពេលចាក់វ៉ាក់សាំងដូសជំរុញ ពី៤ខែ មកនៅត្រឹម៣ខែ ក្រោយការចាក់វ៉ាក់សាំងលើកមុន។

ទោះជាយ៉ាងណា នាយករដ្ឋមន្រ្ដីបារាំង មិនបានដាក់បម្រាមគោចរ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីរបស់ខ្លួននោះឡើយ។ ដោយឡែក បណ្ដាប្រទេសនានា នៅទូទាំងតំបន់អឺរ៉ុប ក៏កំពុងតែរឹតបន្ដឹងវិធានការនានាផងដែរ ដោយសារតែអត្រាចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើង ហើយវីរុសបំប្លែងខ្លួនថ្មី Omicron ក៏កំពុងតែរាតត្បាត នៅទូទាំងទ្វីបនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×