ភ្នំពេញ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល បាននិងកំពុង ដាក់ឱ្យអនុវត្តន៍ស្របតាមស្ថានភាពនៃការវិវត្តន៍របស់កម្ពុជា។ ចំនួនមនុស្សវ័យចាស់ ដែលមានអាយុពី ៦០ ឆ្នាំឡើង នៅក្នុងឆ្នាំ ២០១៣ មាន ៨ភាគរយ ស្មើនឹង ១,២ លាននាក់ នៃប្រជាជនសរុប ១៥ លាននាក់ ហើយត្រូវបានព្យាករណ៍ នឹងមានកំណើនរហូតដល់ ១១ភាគរយ ស្មើនឹង ២ លាននាក់ នៃប្រជាជនសរុបប្រមាណ ១៨ លាននាក់ នៅឆ្នាំ២០៣០។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោះប្រជុំ គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ នៅទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។ លោក វង សូត បានឆ្លុះបញ្ចាំងពីការយកចិត្ដទុកដាក់រួមគ្នា លើវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា ។ ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ប្រពៃនេះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំឯកសារ គោលនយោបាយជាតិស្ដីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់ កាលទី៣ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ឱ្យមានលក្ខណៈប្រមូលផ្ដុំ។ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្ដ គោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុម ជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។ ក្នុងនោះការងារសុខុមាលភាព មនុស្សចាស់ ត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ ស្របតាមស្ថានភាពជាក់ស្ដែង របស់កម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ លិខិត បទដ្ឋានគតិយុត្ដ និងបានបង្កើតយន្ដការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់ របបគោល នយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះជនចាស់ជរា៕ ដោយ៖បញ្ញាស័ក្តិ